តុលាការហៅភរិយា កែម ឡី ជាម្ចាស់បណ្ដឹង ទាំងមិនទាន់ប្ដឹង
ចម្ងល់បានផ្ទុះកើតឡើង ទាក់ទងនឹងសមត្ថភាព នៃការបំបែកសំនុំរឿងបាញ់សម្លាប់ លោក កែម ឡី របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីដីកាកោះហៅមួយ ទើបនឹងត្រូវបានចៅក្រមស៊ើបសួរ លោក សេង លាង បញ្ជាទៅអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ឲ្យចូលខ្លួន ទៅធ្វើការសាកសួរ នៅថ្ងៃទី១៧ ខែតុលាខាងមុខ។ ការចេញដីកានេះទៀតសោធ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរយៈពេលជិត៣ខែ ក្រោយពីឃាតកម្មបានកើតឡើង ហើយបានបញ្ជាក់ថា ជាដីកាលើកទីពីរ និងបានហៅអ្នកស្រី ប៊ូ រចនា ថាជា«ម្ចាស់បណ្ដឹងរប្បវេណី»។
លោក ប៊ូ ចាន់នី បងប្រុសបង្កើតរបស់អ្នកស្រី ប៊ូ រចនា បានថ្លែងតាមវិទ្យុសម្លេងប្រជាធិបតេយ្យថា គ្រួសារលោក មិនទាន់បានដាក់ពាក្យបណ្ដឹងអ្វី ទាក់ទងនឹងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី នៅឡើយ។ លោក ចាន់នី និយាយថា ដីកាកោះហៅលើកទីមួយ ក៏ខាងលោកមិនដែលបានទទួលដែរ។
ការលើកឡើងខាងលើ របស់បងប្រុសរបស់អ្នកស្រី ប៊ូ រចនា [...]