នៅក្រុង«គុជ» ពលរដ្ឋមួយគ្រួសារត្អូញថា គ្មានទឹកស្អាតប្រើប្រាស់
គ្រួសារមួយ ដែលកំពុងរស់នៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានថ្លែងត្អូញត្អែរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅមុខស្ថានទូតរុស្ស៊ីក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោក លើកទី៣០ថា សព្វថ្ងៃគ្រួសារលោក កំពុងរស់យ៉ាងវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក គ្មានអ្នកទីពឹងទេ។ មូលហេតុ នៃការវេទនារបស់គ្រួសារលោក គឺដោយសារការអភិវឌ្ឍន៍ តំបន់បឹងកក់ ដែលបណ្តាលឲ្យគ្រួសារមួយ ដែលមានជីវភាពល្មមសមរម្យ ក្លាយទៅជាគ្រួសារ ដែលគ្មានអ្វីៗទាំងអស់។
លោក ឃិន ចន្ថា មេគ្រួសារខាងលើ ដែលកំពុងរស់នៅផ្ទះតូច ក្បែរពំនួកខ្សាច់ជាច្រើន ក្នុងទឹកដីបឹងកក់ ដែលគ្មានទឹកអ្វី មួយដំណក់នោះ បានថ្លែងទាំងទឹកមុខស្រពោនថា សព្វថ្ងៃលោក និងគ្រួសារគ្មានទឹកប្រើប្រាស់ទេ រស់ទាំងវេទនា។ លោកបន្តថាតាំងពី សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យខ្មែរឥស្លាម សង់ព្រះវិហារថ្មីមក លោកនឹងគ្រួសារ ត្រូវបានគេផ្តាច់ទឹក លែងឲ្យប្រើប្រាស់ក្នុងនោះទៀត។
[...]