«បក្សចាញ់ឆ្នោតប្រគល់អំណាចឲ្យបក្សឈ្នះ នោះគ្មានសង្គ្រាមទេ»
ចម្រៀង«ឌឺដងចងជាជម្លោះ» របស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា នៅតែបន្តច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក មិនដាច់សូរ។ គណបក្សកាន់អំណាច តាមរយៈនាយកដ្ឋមន្ត្រី៣ទសវត្សន៍ លោក ហ៊ុន សែន បានលើកឡើងថា បើគណបក្សប្រឆាំងឈ្នះឆ្នោត នៅអាណត្តិក្រោយ នោះប្រទេសកម្ពុជា នឹងធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីទៀត។ តែគណបក្សប្រឆាំងវិញ តាមរយៈមេដឹកនាំរបស់ខ្លួន បានឆ្លើយបដិសេធថា បើគណបក្សបានឈ្នះឆ្នោត នឹងគ្មានសង្គ្រាមអ្វីឡើយ ដោយសារតែខ្លួន មិនមានគោលការណ៍ យកខ្មែរណាធ្វើជាសត្រូវ។
នៅលើទំព័រហ្វេសប៊ូកផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរថា៖ «ទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ»។ លោកបានសរសេរបន្ត ពន្យល់បណ្ដាអ្នកគាំទ្រលោក នៅលើបណ្ដាញសង្គមថា គណបក្សប្រឆាំងច្រើនឃោសនា ភ្ជាប់នូវផ្នត់គំនិត បែប«ចងគំនុំ» និងការ«ចង់ផ្តួលរំលំ (រដ្ឋាភិបាល)» ដែលធ្វើឲ្យបាក់បែក [...]