
ហេង លក្ខិណា ត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ស្ត្រី អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការលើកឡើង របស់ស្ត្រីវ័យក្មេងរូបនេះ នៅក្នុងវីដេអូផ្សាយផ្ទាល់ លើគណនេយ្យហ្វេសប៊ុករបស់នាងថា ក្រុមគ្រួសារត្រកូល ហ៊ុន ជាអ្នកសម្លាប់ ឬនៅពីក្រោយឃាតកម្ម លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ។ នេះ បើតាមប្រភពមួយ ពីសាលាដំបូងរាជធានី ដែលបានអះអាងឲ្យដឹង នៅមុននេះបន្តិច។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» [...]