និស្សិតម្នាក់ស្លាប់ដោយកាត់ក ក្នុងផ្ទះជួល សង្ស័យប្រើ«ម៉ូទ័រកាត់»
ហេតុការណ៍ គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះលេខ៩៦ ភូមិ៧ ក្រុមទី១៨ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ណុប ប៊ុនធឿន សព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៃវិទ្យាស្ថាន«ខ្មែរជំនាន់ថ្មី» ត្រូវបានគេឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយមានរបួស ស្ទើរដាច់នៅត្រង់ ក (អារកសម្លាប់)។ ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះអាយុ២៣ឆ្នាំ បានជួលបន្ទប់ម្ចាស់ផ្ទះ ដែលមានរបរជា ជាងក្រឡឹង ក្នុងទីតាំងខាងលើ ដើម្បីស្នាក់នៅ។
លោក ណុប វុទ្ធី ជាបងប្រុសបង្កើត របស់ជនរងគ្រោះបានឲ្យដឹងថា ទោះជាអ្នកណាថា ប្អូនប្រុសលោកធ្វើអត្តឃាត ក៏លោកមិនជឿដែរ ព្រោះតាមដែលលោក បានឃើញសាកសព មិនមែនជាការសម្លាប់ខ្លូនឯងទេ។ ម្យ៉ាងទៀតគ្មានកាំបិត ឬ អាវុធណាមួយ នៅជិតសាកសព ដែលបញ្ជាក់ថាធ្វើអត្តឃាតនោះទេ វាហាក់ដូចជារៀបចំគម្រោង ដើម្បីសម្លាប់ប្អូនរបស់លោកអញ្ចឹង។ [...]