គ្រឿងចក្រនៅវត្តស្ទឹងមានជ័យ បង្កផលប៉ះពាល់ដល់សាសនា
វត្តអារាម ជាទីសំណាក់ធម៌ និងប្រតិបត្តិធម៌របស់ព្រះពុទ្ធសាសនា។ កាលណាវត្តអារាម មានសម្លេងរំខានមិនដាច់ វានឹងក្លាយទៅជារឿងមួយ គួរឱ្យបារម្ភ។ ព្រះសង្ឃមួយអង្គ គង់នៅវត្តខាងលើ បានមានសង្ឃដីកាប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងវត្តស្ទឹងមានជ័យសព្វថ្ងៃ កំពុងមានក្រុមហ៊ុនគ្រឿងចក្រមួយ ឯកទេសខាងចាក់គ្រឹះ បេតុង និងបុកគ្រឹះ របស់លោក កែម ប៊ុនអឿន ហៅ រ៉ា បាននឹងកំពុងដំណើរការ ធ្វើអាជីវកម្មនៅក្នុងវត្ត។ ប្រភពបន្ថែមថា ការស្នាក់នៅ និងធ្វើអាជីវកម្មខាងលើ ដោយមានកាចុះកិច្ចសន្យាជាមួយ ចៅអធិការវត្ត ប្រមាណជាពីរឆ្នាំ។
ការអះអាង របស់ប្រភពខាងលើ មិនត្រូវបាន ប្រធានក្រុមហ៊ុនចាក់គ្រឹះបេតុង និងបុកគ្រឹះ លោក កែម ប៊ុនអឿន ហៅ រ៉ា ធ្វើការបដិសេធន៍នោះទេ។ លោក បានថ្លែងប្រាប់ទស្សនាវដ្ដីថា លោកពិតជាបានធ្វើកិច្ចសន្យា ជាមួយចៅអធិការ និងមានការអនុញ្ញាត ពីគ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ នៅក្នុងវត្តថែមទៀត។ [...]