គ្រឿងចក្រនៅវត្តស្ទឹងមានជ័យ បង្កផលប៉ះពាល់ដល់សាសនា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 05, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វត្តអារាម ជាទីសំណាក់ធម៌ និងប្រតិបត្តិធម៌របស់ព្រះពុទ្ធសាសនា។ កាលណាវត្តអារាម មានសម្លេងរំខានមិនដាច់ វានឹងក្លាយទៅជារឿងមួយ គួរឱ្យបារម្ភ។ ព្រះសង្ឃមួយអង្គ គង់នៅវត្តខាងលើ បានមានសង្ឃដីកាប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងវត្តស្ទឹងមានជ័យសព្វថ្ងៃ កំពុងមានក្រុមហ៊ុនគ្រឿងចក្រមួយ ឯកទេសខាងចាក់គ្រឹះ បេតុង និងបុកគ្រឹះ របស់លោក កែម ប៊ុនអឿន ហៅ រ៉ា បាននឹងកំពុងដំណើរការ ធ្វើអាជីវកម្មនៅក្នុងវត្ត។ ប្រភពបន្ថែមថា ការស្នាក់នៅ និងធ្វើអាជីវកម្មខាងលើ ដោយមានកាចុះកិច្ចសន្យាជាមួយ ចៅអធិការវត្ត ប្រមាណជាពីរឆ្នាំ។
ការអះអាង របស់ប្រភពខាងលើ មិនត្រូវបាន ប្រធានក្រុមហ៊ុនចាក់គ្រឹះបេតុង និងបុកគ្រឹះ លោក កែម ប៊ុនអឿន ហៅ រ៉ា ធ្វើការបដិសេធន៍នោះទេ។ លោក បានថ្លែងប្រាប់ទស្សនាវដ្ដីថា លោកពិតជាបានធ្វើកិច្ចសន្យា ជាមួយចៅអធិការ និងមានការអនុញ្ញាត ពីគ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ នៅក្នុងវត្តថែមទៀត។ ប្រធានក្រុមអាជីវកម្មមួយនេះ បានលើកពីគុណសម្បត្តិរបស់ខ្លូន ដែលបានជួយកសាងវត្តស្ទឹងមានជ័យថា លោកបានចំណាយលុយ សរុបប្រមាណ មួយម៉ឺនដុល្លារ ក្នុងការកសាងវត្តនេះ ចាប់តាំងពីពេលមកតាំងទី ធ្វើអាជីវកម្មនៅទីនោះ។ ផ្ទុយទៅវិញ លោកមិនបានសិក្សា និងបង្ហាញពីផល់ប៉ះពាល់ជាច្រើន ដល់ព្រះសង្ឃ និងព្រះពុទ្ធសាសនានោះឡើយ។ លោកបានបញ្ជាក់ជាចុងក្រោយថា កិច្ចសន្យាដែលបានចុះ ជាមួយចៅអធិការវត្ត មានរយៈពេល២ឆ្នាំ តែលោកសុំអនុញ្ញាត បើមានការលើសលួសពេល ព្រោះកំពុងរកទិញដី បោះទីតាំងថ្មីមិនទាន់បាន។
ចំពោះការលើឡើងរបស់លោក កែម ប៊ុនអឿន ត្រូវបានគ្រូសូត្រស្តាំ ព្រះតេជគុណ យ៉ឹម ឯមវិត្ថា មានសង្ឃដីកាថា មានការរំខានខ្លាំងណាស់សព្វថ្ងៃ នៅក្នុងវត្ត ព្រោះម៉ាស៊ិនគ្រឿងចក្រ សុទ្ធតែជាគ្រឿងធុនធ្ងន់ មានសម្លេងរំខាន ដល់ព្រះសង្ឃ ក្នុងការប្រតិបត្តិសាសនា។ ម្យ៉ាងវិញទៀត ចំពោះកម្មករដែលរស់នៅទីនោះ មិនដែលគិតថា ទីនេះជាវត្តអារាមទេ មានពេលខ្លះ ជេរប្រទេចដាក់គ្នា (ឡូឡា) ជារៀងរាល់ថ្ងៃ។ គ្រូសូត្រស្តាំ បានបញ្ជាក់ចំពោះប្រាក់ ដែលប្រធានក្រុមហ៊ុនបានលើកឡើងថា មួយម៉ឺនដុល្លានោះ មិនមែនជាការកសាង តែម្នាក់ឯងនោះទេ មានពុទ្ធបរិស័ទជាច្រើនទៀតចូលរួម។ រួមទាំងការចាក់ដី នៅក្នុងវត្តក៏ដោយ ក្រុមអាជីវកម្មធ្វើ ដើម្បីតែផលប្រយោជន៍ខ្លូនឯងច្រើនជាង។
ព្រះតេជគុណ យ៉ឹម ឯមវិត្ថា បានបន្ថែមទៀតថា ព្រះអង្គធ្លាប់បានទៅជួបជាមួយ ប្រធានគ្រឿងចក្រនេះម្តងរួចមកហើយ បាននិយាយពីការមិនពេញចិត្ត និងមិនអនុញ្ញាតឱ្យនៅបន្ត តែប្រធានក្រុមហ៊ុននេះបានសុំថា សុំដាក់មួយគ្រាសិន ទម្រាំរកកន្លែងថ្មីបាន។ ព្រះអង្គបានមានសង្ឃដីកា តបវិញថា ពាក្យមួយគ្រានេះ ព្រះតេជគុណកំពុងបារម្ភ ព្រោះការធ្វើនៅតែបន្តជីកកកាយ បន្ថែមបន្ថយដីនៅក្នុងវត្ត ដោយខ្លាចថ្ងៃណាមួយ និងបាត់បង់ដីវត្តអារាម របស់ពុទ្ធសាសនិក។
ជាចុងក្រោយ គ្រូសូត្រស្តាំបានសំណូមពរ ទៅដល់អជ្ញាធរដែនដី ដែលមានកម្លាំងសមត្ថកិច្ច មេត្តាចុះជួយអន្តរាគមន៍ផង ព្រោះ រឿងក្រុមហ៊ុនគ្រឿងអាជីវកម្ម ជាសមត្ថកិច្ចខាងអាណាចក្រ របស់អាជ្ញាធរ។ ព្រះអង្គមានសង្ឃដីកា ទាំងក្តីបារម្ភថា៖ «អាជ្ញាធរដែនដីជួយដោះស្រាយ អាត្មាផង យូរៗទៅមិនមែនវត្តទេ ដូចកន្លែងអនាថាទៅហើយ»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសាកសួរករណីនេះ ទៅលោក សេង សាញ់ ចៅសង្កាត់ស្ទឺងមានជ័យ តែមិនមានចម្លើយជាវិជ្ជមានទេ។ ផ្ទុយទៅវិញ ចៅសង្កាត់រូបនេះ បានឆ្លើយតប ដោយប្រើសម្ដីខ្លាំងៗ ជាមួយអ្នកសារព័ត៌មានថា៖ «ខ្ញុំមិនបានដឹង រឿងទាំងអស់នេះទេ! ឥឡូវខ្ញុំកំពុងរវល់ប្រជុំ»៕