ចោរជើងថ្មី ទៅលួចចំស្ត្រីអ្នកចំបាប់អាជីព «គាបកលៀនអណ្ដាត»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 06, 2015
- ប្រធានបទ: ចំបាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចោរឆក់ជើងថ្មីឈ្មោះ «Wesley Sousa de Araujo» បានជិះម៉ូតូ ជាមួយយុវជនម្នាក់ទៀត ធ្វើសកម្មភាពឆក់ នារីពីរនាក់ នៅក្នុងកន្លៀតផ្លូវស្ថាត់មួយ នៃក្រុង «Acailandia» ភាគកណ្ដាលនៃប្រទេសប្រេស៊ីល។ ប៉ុន្តែចោរជើងថ្មី មិនបានព្រៀងទុក នូវហេតុការណ៍មួយ ដែលអាចធ្វើឲ្យចោរ ដែលកំពុងរៀនលួចឆក់ទាំងពីរ រាងចាលអស់មួយជីវិត។ រាងចាល ព្រោះក្នុងចំណោមយុវតី ជាជនរងគ្រោះទាំងពីរ មានម្នាក់ជាកីឡាការិនីចំបាប់អាជីព ខ្សែក្រវ៉ាតខៀវ ផ្នែក«jujitsu» នៃសហព័ន្ធប្រដាល់សេរី ពិភពលោក ដែលត្រូវបានស្គាល់ឈ្មោះ ម៉ូនិក បាស្តូស៍ (Monique Bastos)។
នាង ម៉ូនិក បាស្តូស៍ អាយុ២៣ឆ្នាំ បានថ្លែងប្រាប់គេហទំព័រ «iG» ក្នុងប្រទេសប្រេស៊ីលថា៖ «ម្នាក់ពីក្នុងចំណោមចោរទាំងនេះ បានឆក់ទូរស័ព្ទដៃ ដែលខ្ញុំកំពុងកាន់។ ខ្ញុំបានឃើញថា ពួកវាអត់មានកាំភ្លើងទេ។ អញ្ចឹង ខ្ញុំផ្តួលម៉ូតូពួកវាតែម្ដង។» ក្នុងជំនាញជាអ្នកចំបាប់ស្រាប់នេះ នាង បាស្តួស៍ បានបោកចោរប្រុសវ័យក្មេងម្នាក់ ផូសឲ្យដួលនឹងដី មុននឹងយកជើងនាងទាំងពីរខ្ទាស់គ្នា ដើម្បីគាបក ចោរជើងថ្មី ក្នុងរយៈពេលជាង២០នាទី។
នាង បាស្ដូស៍ បានថ្លែងឡើងទៀតថា៖ «ខ្ញុំអត់មានភ័យអ្វីទេ ព្រោះខ្ញុំដឹងថា ខ្ញុំអាចបង្ក្រាបម្នាក់នេះបាន»។
រីឯចោរជើងថ្មី យុវជន«Wesley Sousa de Araujo»វិញ ដែលទំនងជាទើបនឹងប្រទះ នូវហេតុការណ៍ដ៏តក់ស្លុតរបៀបនេះ ក្នុងជីវិតរបស់ខ្លួន មិនអាចធ្វើអ្វីផ្សេងកើត ក្រៅតែពីស្រែករកជំនួយ ពីម៉ែពីឪខ្លួន។ នៅក្នុងវីដេអូ ដែលត្រូវបានយកមកបង្ហោះ កាលពីថ្ងៃពុធសប្ដាហ៍មុន នៅលើគេហទំព័រយូធូប គេបានស្ដាប់ឮពាក្យតម្អូញ របស់យុវជនដូច្នេះថា៖ «ប៉ាប៉ា! ប៉ាប៉ា! ជួយហៅនគរបាលផង... ប៉ាប៉ា! ជួយផង ព្រះយេស៊ូ។ ជាលើកទីមួយហើយ ដែលខ្ញុំធ្វើដូច្នេះ។ ជួយខ្ញុំផង ព្រះជាម្ចាស់... នរណាក៏បាន សូមជួយខ្ញុំផង! នៅឯណា ម៉ែអើយ?»
នៅពេលនាំខ្លួន ទៅដល់ប៉ុស្ដ៍នគរបាល យុវជន«Wesley Sousa de Araujo» បានស្បថថា ខ្លួនមិនបានព្យាយាម លួចឆក់អ្វីពីនារីទាំងពីរនាក់នេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នគរបាលប្រេស៊ីល បានបើក ការស៊ើបអង្កេតមួយឡើងហើយ ពីករណីនេះ៕
» សកម្មភាពបង្ក្រាបចោរជើងថ្មី របស់កីឡាការិនីចំបាប់ ជាវីដេអូ៖