អតីតអ្នកកាសែតបាញ់សម្លាប់មិត្តរួមអាជីព២នាក់ ពេលកំពុងផ្សាយផ្ទាល់
នាង អាលីសុន ប៉ាគ័រ (Alison Parker) អាយុ២៤ឆ្នាំ និងលោក អាដាម វ័ដ (Adam Ward) អាយុ២៧ឆ្នាំ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែសីហានេះ ខណៈអ្នកទាំងពីរកំពុង ធ្វើការផ្សាយបន្តផ្ទាល់ ពីកិច្ចសម្ភាសមួយ សម្រាប់ទូរទស្សន៍ក្នុងតំបន់ «WDBJ7» (ជាផ្នែកមួយ នៃបណ្ដាញទូរទស្សន៍ CBS) ប្រចាំរដ្ឋវៀជីនី។ អ្នកទាំងពីរបានស្លាប់ភ្លាមៗ នៅពេលបាញ់ប្រហារនោះ។
ក្រុមបុគ្គលិកនៃទូរទស្សន៍ «WDBJ7» ដែលកំពុងធ្វើការផ្សាយផ្ទាល់ បានស្ថិតនៅក្នុងហេតុការណ៍នេះ តាំងពីដើមរហូតដល់ចប់។ ពួកគេបានស្ដាប់ឮ នូវស្នូរផ្ទុះកាំភ្លើង និងសម្រែករបស់មិត្តរួមអាជីពរបស់ខ្លួន និងទីបំផុតទៅ ពួកគេបានដឹងថា នេះជាហេតុការណ៍ដ៏ក្ដុកក្ដួល ជាងពេលណាៗទាំងអស់។
នាយកទូរទស្សន៍ លោក Jeffrey Marks បានពន្យល់ថា៖ «ជនប្រដាប់អាវុធម្នាក់ ដែលគិតថា ជាបុរស បានចូលមកក្បែរ កន្លែងដែលពួកគេកំពុងធ្វើព័ត៌មាន ហើយបានបាញ់៦ទៅ៧គ្រាប់។ យើងបានស្ដាប់ឮសម្លេងស្រែក [...]