វាសនា កុមារលួចដួងរងការព្រមាន«បញ្ចប់ជំនួយ»
ក្រោយពីផ្ទុះរឿងអាស្រូវ នៃការធ្វើទារុណកម្មចាប់ជ្រមុជក្នុងពាងទឹកស្អុយ ស្ទើរស្លាប់ស្ទើរស់ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤នោះមក កុមារ ម៉ុន វាសនា ដែលជាជនរងគ្រោះនៅក្នុងរឿងនេះ និងកើតក្នុងគ្រួសារក្រីក្រ មានបងប្អូន ៦នាក់ និងមានឪពុកម្តាយ ជាអ្នកផ្ទុកមេរោគអេដស៍ទៀតផងនោះ ត្រូវបាននាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត ជួយឧបត្ថម្ភ និងនាំក្មេងប្រុសម្នាក់នេះ មករៀននៅរាជធានីភ្នំពេញ និងថែមទាំងមានបំណង ចង់ឱ្យទៅបន្តការសិក្សាជំនាញវិស្វករគ្រឿងម៉ាស៊ីន នៅប្រទេសចិន និងជប៉ុនទៀត។
ប៉ុន្តែក្តីបំណងរបស់ម្ចាស់ជំនួយ និងការរំពឹងទុករបស់មហាជនហាក់ខកបំណង ដោយសារតែកុមារាដែលមានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែងរូបនេះ មិនអាចទទួលយកការរស់នៅបែបថ្មី និងការសិក្សាដែលម្ចាស់ជំនួយបានរៀបចំទុកឱ្យបាន។
[...]