វិភាគ៖ ការ«ផ្អាក»បុណ្យអ៊ំទូក ខាត ឬចំណេញ?
រាជពិធីបុណ្យជាតិ - បន្ទាប់ពីបានប្រកាសផ្អាកកាលពីឆ្នាំ២០១១ ដោយមូលហេតុទឹកជំនន់ និងឆ្នាំ២០១២កន្លងទៅ ដើម្បីកាន់ព្រះមរណទុក្ខនៃព្រះបរមសពនោះមក ការលប់បុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប មិនប្រារព្ធនៅឆ្នាំ២០១៣នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបកស្រាយ យកមូលហេតុពីទឹកជំនន់នោះដែរ។ តែអ្វីដែលជាការចម្លែកនោះ សេចក្ដីប្រកាសលប់ចោលនេះ បានធ្វើឡើងតាំងពីដើមខែតុលា ដែលរហូតមកដល់ថ្ងៃនេះ មានរយៈពេលមួយខែកន្លះ និងបានបង្កចម្ងល់ថា តើរដ្ឋាភិបាលអាចដឹងមុន ហើយពិតជាចេះព្យាករណ៍ពីទឹកជំនន់នេះ ថានឹងមានរយៈពេលយូរដូច្នេះ ឬយ៉ាងណា? ចម្ងល់ដែលបានធ្វើឲ្យអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលមួយចំនួននិយាយថា នោះគឺដោយសាររដ្ឋាភិបាលខ្លាច ការប្រមូលផ្ដុំមនុស្ស ដែលមានលក្ខណៈច្រើនកកកុញ ដូចក្នុងពេលបុណ្យអ៊ំទូកនេះជាដើម ត្រូវបានគណបក្សប្រឆាំងយកទៅប្រើប្រាស់ ដើម្បីសកម្មភាពអ្វីមួយ។
[...]