ចិនព្រមព្រៀងជាមួយប្រ៊ុយណេ កម្ពុជា និងឡាវ រឿងដែនសមុទ្រចិនខាងត្បូង
ប្រទេសទាំងបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន - ASEAN) នោះទេ។ បញ្ហាទាំងនេះ មិនគួរឲ្យប៉ះពាល់ ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាងប្រទេសចិន និងសមាគមប្រជាជាតិ ដែលមានសមាជិក ១០ប្រទេសឡើយ។ នេះជាសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលបានដកស្រង់សម្ដី របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃសៅរ៍។
ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចមួយជុំ នៅក្នុងប្រទេសប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ។ លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេសទាំងបួនបានយល់ព្រមទៀតថា សិទ្ធិរបស់រដ្ឋអធិបតេយ្យទាំងនោះ គួរត្រូវបានគោរព [...]