ថៃ នរៈសត្យា ប្រកាសឲ្យច្បាប់ចាត់ការកូនប្រុស រឿងជួញគ្រឿងញៀន
ព័ត៌មានដ៏កក្រើក ផ្អើលអស់ទាំង នៅក្នុងជួររដ្ឋាភិបាល ទាំងនៅក្នុងពិភពអ្នកសិល្បៈខ្មែរ បន្ទាប់ពីហេតុការណ៍ ចូលចាប់ក្រសោប ក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួន៦នាក់ នៅនឹងកន្លែង ពីសំណាក់កងកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែមករា។ កក្រើកដោយហេតុថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់ មានប្ដីប្រពន្ធ អតីត «Freshy Boy ឆ្នាំ២០០៦» មួយគូ ដែលសុទ្ធសឹង ជាកូនប្រុសស្រីបង្កើត របស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ។
តារាសម្ដែង លោក ថៃ នរៈពិទូ និងភរិយា អ្នកស្រី អោក រតនៈប៉ុណ្ណិកា ត្រូវបានចាប់ខ្លួន ជាមួយនឹងវត្ថុតាងជាច្រើន នៅក្នុងហាងខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ដែលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហើយនៅចំពោះការបញ្ជាក់ ពីសំណាក់មន្ត្រីទទួលខុសត្រូវ ក្នុងការចុះទៅក្រសោប ក្រុមជនសង្ស័យខាងលើ [...]