វិភាគ៖ បង្ខំឲ្យហៅ«សម្ដេច» គឺបង្ខំឲ្យសារព័ត៌មាន«លំអៀង»
នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ (រាប់ទាំងសារព័ត៌មាន) ត្រូវបានគេចាត់ទុក ថាជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងនីតិតុលាការ។ ហើយអំណាចទាំងបួននេះ ត្រូវចែកឲ្យដាច់ពីគ្នា និងត្រូវគោរពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃច្បាប់។ ជាពិសេសត្រូវគោរពសិទ្ធិ នៃការយកព័ត៌មាន និងការបញ្ជូនព័ត៌មាន របស់សារព័ត៌មាន។ សារព័ត៌មានមានសិទ្ធិ ធ្វើព័ត៌មានពីអ្វីមួយ ទៅតាមវិជ្ជាជីវៈ ដែលខ្លួនយល់ពីភាពចាំបាច់ ដើម្បីបញ្ជូនប្រាប់បន្តឲ្យទៅមហាជន ដោយគ្មានការលូកដៃលូកជើង ពីនរណាផ្សេង ឬពីអាជ្ញាធរឡើយ។
ដូច្នេះរវាងរដ្ឋាភិបាល (នីតិប្រតិបត្តិ) ដែលត្រូវបម្រើពលរដ្ឋ និងសារព័ត៌មាន (ដែលមិនមែនជាសារព័ត៌មាន បែបកុម្មុយនីស) ដែលត្រូវបម្រើអ្នកអាន អ្នកទស្សនា (ឬនិយាយឲ្យចំ បម្រើពលរដ្ឋដូចគ្នា) មិនមានភាពចាំបាច់ត្រូវមានម្ខាង មក«បង្គាប់»ម្ខាងទៀត ឲ្យលើសពីអ្វី ដែលគេហៅថា [...]