មេធាវីសុំឲ្យ គឹម សុខ នៅក្រៅឃុំ ខណៈត្រូវជំម្រះក្ដីនៅចុងខែនេះ
សវនាការជំនុំជម្រះក្ដី លើករណីលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ» នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកធ្វើនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤រសៀល។ នេះ បើតាមលិខិតមួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ដែលបានអញ្ជើញលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី ឲ្យលោក គឹម សុខ។
ការប្រកាសបើកសវនាការនេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃ ពីពាក្យសុំមួយរបស់លោកមេធាវី ជូង ជូងី ដែលដាក់ទៅសាលាដំបូង នៅថ្ងៃទី១៣ ខែកក្កដានេះ ស្នើឲ្យកូនក្ដីរបស់លោក បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
លោកមេធាវី បានសរសេរនៅក្នុងលិខិតនោះថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿង [...]