សាសា នឹងត្រូវ«នាំខ្លួន» បើគេចវេសដីកាទី២របស់តុលាការ
តាមការអះអាង របស់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានលើកឡើងថា អតីតពិធីការិនីស្ថានីយទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ សាសា បើបន្តការគេចវេសជាលើកទីពីរ និងមិនព្រមចូលខ្លួនមកឆ្លើយបំភ្លឺទេ តុលាការនឹងអាចមានវិធានការ «នាំខ្លួន»ជាបន្ត។ ការថ្លែងព្រមានរបស់មន្ត្រីតុលាការនេះ បានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញារង សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅកញ្ញា ឯក សុជាតា ហៅ សាសា ជាលើកទី២ ឲ្យបំភ្លឺក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ (កើតហេតុ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨ និង៣០នាទីខាងមុខនេះ។
សូមរំលឹកថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅកញ្ញា សាសា ឲ្យចូលបំភ្លឺ ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ទាក់ទងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ តែមិនបានចូល បំភ្លឺតាមការកោះហៅឡើយ ហើយក៏មិនបានបញ្ជាក់ ពីមូលហេតុនៃការអវត្តមាននេះ [...]