បារាំងប្រាប់កម្ពុជាជាថ្មី ឲ្យងាកមករកមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្សវិញ
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស របស់ប្រទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានសំដែងការព្រួយបារម្ភរបស់លោក ចំពោះព្រឹត្តិការណ៍ចាប់ចង ប្រធានគណបក្សប្រឆាំងដ៏សំខាន់ជាងគេ និងការបិតប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងដោយផ្ទាល់ ទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា នៅខណៈពេល ដែលលោករដ្ឋមន្ត្រីបារាំង បានទទួលជួបរដ្ឋមន្ត្រីកម្ពុជា ក្នុងអាគារក្រសួងការបរទេសបារាំង ហៅវិមាន «Quai d'Orsay» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក។
នៅក្នុងការសំដែងក្ដីបារម្ភនោះ ប្រមុខការទូតបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ បានគូសបញ្ជាក់ ពីភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា នៅពេលដែលការបោះឆ្នោតជាតិ នឹងឈានចូលមកដល់ នៅឆ្នាំក្រោយ ក្នុងការងាកមករកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស [...]