មាជ សុវណ្ណារ៉ា៖ ខ្ញុំគ្មានសង្ឃឹមនៅក្រៅឃុំ ព្រោះជារឿងនយោបាយ!
«នេះជារឿងនយោបាយ ខ្ញុំគ្មានសង្ឃឹមថា នឹងបាននៅក្រៅឃុំ ក្រៅពីការកាត់ឲ្យមានទោស។ យើងឥតមានទោសអ្វីទេ ហើយសង្ឃឹមថា តុលាការកំពូលមួយនេះ នឹងផ្តល់យុត្តិធម៌។ (...) បើសិនជារឿងនយោបាយនោះ វាគ្មានសង្ឃឹមទេ តុលាការកំពូលមួយនេះ ក៏នឹងធ្វើការទាត់ចោល!» នេះជាការថ្លែងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មុននឹងឈានជើងចុះពីរថយន្ត ដល់ដីមុខបន្ទប់សវនាការ។
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ នាតុលាការកំពូល រថយន្តរបស់មន្ទីរកែប្រែ«ព្រៃសរ»យ៉ាងកញ្ចាស់មួយ បានមកឈប់នៅមុខ បន្ទប់សវនាការតុលាការកំពូល។ គេបានឃើញមានវត្តមានលោក មាជ សុវណ្ណារ៉ា ចុះពីឡាន ដោយមានអនុរក្សពន្ធនាគារ តាមក្រៀកដំណើរ ចំនួនពីររូប។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងពីភាពជឿជាក់របស់ខ្លួនថា និងមិនមានការសម្រេចណាមួយ ដោយតុលាការកំពូល សម្រាប់អនុញ្ញាតិឲ្យលោក នៅក្រៅឃុំឡើយ ដោយលោកបានចាត់ទុកថា នេះជារឿងនយោបាយ។
[...]