អ្នកវិភាគថា ហ៊ុន សែន កំពុងរៀនធ្វើនាយករដ្ឋមន្ត្រី រឿងព្រំដែន?
វិវាតរឿងព្រំដែន របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាង ទើបនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា បើកទំព័រថ្មីដ៏សំខាន់មួយ ឆ្ពោះទៅកាន់យន្ដការអន្តរជាតិ។ នោះ គឺលោក ហ៊ុន សែន បានស្នើសុំ«ខ្ចី»ផែនទីផ្លូវការ នៃព្រំដែនប្រទេសកម្ពុជា ពីអង្គការសហប្រជាជាតិ ដែលជាអង្គការពិភពលោក ធំជាងគេបង្អស់ មានរដ្ឋជាសមាជិក សឹងតែគ្រប់ប្រទេស នៅលើផែនដី។
នៅចំពោះកាយវិការ របស់លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតាមដានស្ថានការណ៍កម្ពុជា អបអរជាទូទៅ។ ប៉ុន្តែទន្ទឹមនឹងនោះ ការបកស្រាយពន្យល់ផ្សេងៗ ក៏បានកើតឡើងព្រមគ្នាដែរ។ លោក ព្រហ្ម គិត អតីតមន្ត្រីបួនជំនាន់ ជំនាញខាងច្បាប់ មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងតំបន់ ពីរ៉ាណេ នៃប្រទេសបារាំង បានឃើញការស្នើ«សុំខ្ចី»នោះ ហើយបានសម្ដែងចម្ងល់ថា លោក ហ៊ុន សែន កំពុងរៀនធ្វើនាយករដ្ឋមន្ត្រី ផ្នែកដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម [...]