វិបត្តិនៅស៊ីរី៖ នរណាប្រឆាំងនរណា ហើយនរណាគាំទ្រនរណា?
បើគេមិនបានតាមដានវិបត្តិ នៅក្នុងប្រទេសស៊ីរី (ទឹកដីមួយភាគសព្វថ្ងៃ ជាទីតាំងកណ្ដាលមួយ របស់ក្រុមរដ្ឋអ៊ីស្លាម - ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលកើតឡើង តាំងពីឆ្នាំ២០១១មកនោះទេ គេច្បាស់ជាវង្វេង មិនដឹងថាតើនរណាជាអ្វី ឬនរណាធ្វើអ្វីនោះឡើយ។ បើមើលមួយភ្លែត គេច្បាស់ជាគិតថា វិបត្តិនេះ បានធ្វើឲ្យប្លុកពីរប្រឈមមុខដាក់គ្នា នោះគឺពិភពកាន់សាសនាអ៊ីស្លាម និងពិភពលោកខាងលិច។ តែមិនដូច្នេះទេ ព្រោះបើសូម្បីពិភពអារ៉ាប់ ដែលកាន់សាសនាអ៊ីស្លាមខ្លួនឯង ក៏បានបែងចែក ការគាំទ្រនិងការប្រឆាំង ក្រុមបក្សពួក នៅក្នុងវិបត្តិស៊ីរីនេះដែរ។
ជាពិសេស នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសរ៉ូស្ស៊ី ដែលជាប្រទេសមហាអំណាចមួយដែរ បានលូកដៃរបស់ខ្លួន ចូលធ្វើអន្តរាគមន៍ ទៅក្នុងវិបត្តិនេះបន្ថែមទៀត ដែលបង្កឲ្យភាពស្មុគ្រស្មាញ មានកាន់តែខ្លាំងឡើង។