
នាយកចារកម្មអាមេរិកប្រាប់ ត្រាំ ឲ្យមាន«វិន័យ»ក្នុងការប្រើសំដី
នាយកបណ្ដាញចារកម្មអាមេរិក ហៅកាត់ថា «CIA» លោក ចន ប្រែនណន (John Brennan) បានផ្ដល់យោបល់ ទៅលោក ដូណាល់ ត្រាំ (Donald Trump) អនាគតប្រធានាធិបតីអាមេរិក ដែលនឹងចូលស្បថ កាន់តំណែង នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ឲ្យធ្វើការ«ប្រុងប្រយ័ត្ន» នូវរាល់ពាក្យសំដី ដែលមហាសេដ្ឋីអចលនវត្ថុមួយនេះ បានលើកឡើង ជាពិសេសជុំវិញអ្វីៗ ដែលទាក់ទងនឹងប្រទេសរ៉ូស្ស៊ី។ លោក ចន ប្រែនណន បានសម្ដែងការព្រួយបារម្ភរបស់លោកយ៉ាងដូច្នេះ នៅចំពោះប្រតិកម្មជាញឹកញាប់ របស់លោក ត្រាំ ដែលបានធ្វើឡើង នៅតាមបណ្ដាញសង្គម ទ្វីសធើរ (Twitter)។
ក្នុងកិច្ចសម្ភាស ផ្ដល់ទៅឲ្យទូរទស្សន៍ «Fox News» លោក ប្រែនណន បានលើកឡើងថា៖ «អត្តនោម័តិ មិនមែនជារឿងមួយ ដែលជួយការពារ ផលប្រយោជន៍ នៃសន្តិសុខជាតិនោះទេ។ ដូច្នេះ នៅពេលគាត់ថ្លែងជាមតិ ឬជាប្រតិកម្មម្ដងៗ ចាំបាច់ត្រូវឲ្យប្រាកដ ថាគាត់យល់ច្បាស់ ពីការចូលពាក់ព័ន្ធ [...]