ព្យុះហយាត្រា«មាន បញ្ហា» នៅក្នុងបុណ្យជាតិបារាំង ១៤កក្កដា
នៅថ្ងៃសៅរ៍នេះ បុណ្យជាតិបារាំង ១៤កក្កដា ដែលមានក្បួនព្យុះហយាត្រា នៃកងកម្លាំងយោធា-នគរបាល-អាវុធហត្ថដ៏ហំហាន មានពោរពេញដោយបញ្ហាជាច្រើន។ ហើយវាមិនមែនជាបញ្ហាតូចតាចទេ ឬអាចលាក់បាំងបានទេ តែវាជាបញ្ហាដែលអ្នកផងបានឃើញ ដោយផ្ទាល់ភ្នែក និងនៅនឹងមុខប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នោះតែម្ដង។
បញ្ហាទីមួយ ដែលសំខាន់ជាងគេ គឺការបង្ហុយផ្សែងដែលជាតំណាងឲ្យពណ៌បីឆ្នូត របស់ទង់ជាតិបារាំង ខៀវ-ស-ក្រហម។ ជាការខកចិត្តសម្រាប់អ្នកផង ដែលចង់ឃើញយន្ដហោះទាំង៩ បង្ហុយផ្សែងពីខាងក្រោយ ដោយ ៣-៣ ស្មើគ្នា៖ គឺយន្ដហោះបីគ្រឿង បង្ហុយមួយពណ៌។ តែនេះ យន្ដហោះនៅខាងឆ្វេងដៃបង្អស់ ដែលត្រូវបង្ហុយផ្សែងពណ៌ខៀវ ដើម្បីបង្គ្រប់យន្ដហោះបី សម្រាប់ផ្សែងមួយពណ៌នោះ បែរជាបង្ហុយផ្សែងពណ៌ក្រហមទៅវិញ ធ្វើឲ្យទង់ជាតិបារាំង មានពណ៌ដល់ទៅបួនឆ្នូត ក្រហម-ខៀវ-ស-ក្រហម។