អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រាក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលត់ប៊ែលហ្សិក៣-១
ក្រុមបាល់ទាត់ជម្រើសជាតិមួយ ដែលគេចាត់ទុកថា ជាក្រុមតូចតាច ព្រោះខានចូលមកប្រកួត ក្នុងជំនួបជាលក្ខណៈអន្តរជាតិដូច្នេះ តាំងពី៤៨ឆ្នាំមកហើយនោះ បែរជាបង្កើតនូវការភ្ញាក់ផ្អើល មិនអាចស្មានដល់ ដល់ពិភពបាល់ទាត់ទាំងមូល ជាពិសេសសម្រាប់គូប្រកួតរបស់ខ្លួន នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ ក្រុមវៀល្ស៍ (Wales - ប្រជាជាតិមួយស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលឈរនៅចំណាត់ថ្នាក់ ទី២៦ នៃតារាងចំណាត់ថ្នាក់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នោះ មិនត្រូវបានអ្នកផង ជាពិសេសក្រុមអ្នកតាមដានបាល់ទាត់ គិតថានឹងអាចយកឈ្នះ លើក្រុមប៊ែលហ្សិក ឬក្រុមបីសាចក្រហម (ដែលឈរនៅលេខរៀង ទី២) នោះឡើយ។
តែទីបំផុតក្រុម វៀល្ស៍ បានបំបាក់ក្រុមបីសាចក្រហម ឲ្យ«ហាវអាវ»មុនការព្រាងទុកយ៉ាងអាម៉ាស់ ជាមួយនឹងពិន្ទុ ៣ទល់នឹង១ ក្នុងយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ នាកីឡាដ្ឋានក្រុម លីល៍ (Lille) ភាគខាងជើងប្រទេសបារាំង។ [...]