សួន សេរីរដ្ឋា ថា ហ៊ុន សែន ជាអ្នកមានសមត្ថភាពតែម្នាក់គត់
ភាពមមាញឹករបស់លោក ហ៊ុន សែន បង្ហាញពីប្រសិទ្ធិភាព នៃរដ្ឋាភិបាលរបស់លោកឬ? សម្រាប់លោក សួន សេរីរដ្ឋា គឺវាមិនដូច្នោះទេ។ លោក រដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរ បាន«បញ្ឆេះម៉ាស៊ីន» ហើយរោទ៍តិចៗថា៖ «ពេលនេះលោក ហ៊ុន សែន បានក្លាយទៅជាមនុស្ស ដែលមានសមត្ថភាពតែម្នាក់ (និង)ដែលលេចធ្លោ ក្នុងចំណោមមនុស្ស ដែលគ្មានសមត្ថភាព រាប់រយនាក់ នៃគណរដ្ឋមន្ត្រីរបស់គាត់»។
បន្ទាប់មក លោក សួន សេរីរដ្ឋា បាន«រោទ៍ម៉ាស៊ីន»ខ្លាំងៗថា៖ «បច្ចុប្បន្ននេះ សូម្បីតែរឿងតាស៊ីក្លូ រឿងម៉ូតូលក់ពងមាន់អាំង រឿងបាយក្តាំងបាយកក និងរឿងផ្លុំកញ្ចែចរាចរណ៍ ព្រមទាំងរឿងកណ្តៀរពូនដី ខ្មូតស៊ីឈើផ្សេងទៀត ក៏ទាល់តែដល់លោក ហ៊ុន សែន ដែរទើបដោះស្រាយចេញ។ ដូច្នោះហើយ បានជាពលរដ្ឋខ្មែរ ជនរងគ្រោះគ្រប់គ្នាខំសម្រុក ធ្វើយ៉ាងណារកមធ្យោបាយបញ្ជូនរឿងឈឺចាប់ រឿងអយុត្តិធម៌របស់ខ្លួន ឲ្យបានទៅដល់ដៃ របស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។»
[...]