រដ្ឋាភិបាលលុបចោលបម្រាមហាម សម រង្ស៊ី វិលមកកម្ពុជាវិញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យទីស្តីការគណៈរដ្ឋមន្ត្រី លុបចោលលិខិត ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលបញ្ជាឲ្យទប់ស្កាត់ ការវិលត្រឡប់ចូលកម្ពុជាវិញ របស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ នេះ បើតាមលិខិតមួយ របស់លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរជូន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នេះ។
លិខិត«ជម្រាបជូន»នោះ ដែលមកដល់ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃដដែល បានយោងតាមបទបញ្ជា «ដ៏ខ្ពង់ខ្ពស់» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃតែមួយ និងបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្រេច«លុបចោល» នៅលិខិតលេខ១៥១ របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ [...]