ក្រសួងអប់រំទទួលស្គាល់ការបង់ប្រាក់ពិន័យបទល្មើស តែជាប្រាក់កម្ចី
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយ នៅរសៀលថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលត្រូវបានក្រសួងចាត់តាំង ឲ្យទៅចូលរួមក្នុងសិក្ខាសាលា នៅប្រទេសកូរ៉េខាងត្បូងនោះ បាន«បៀតបៀនរាយកាយ»របស់នារី អ្នកបកប្រែជាជនជាតិ កូរ៉េម្នាក់ នៅថ្ងៃបិទបញ្ចប់សិក្ខាសាលា មុននឹងត្រូវបានសមត្ថកិច្ច របស់ប្រទេសនេះចាត់វិធានការ ទៅតាមផ្លូវច្បាប់។
រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់ ថ្នាក់ប្រធាននាយកដ្ឋានរូបនេះ បានបែកធ្លាយជាសាធារណៈ បន្ទាប់ពីសារព័ត៌មានជាច្រើន នៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីការឃាត់ខ្លួនលោក ស៊ាងហុង ដែលបានកើតឡើង កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានីសេអ៊ូល នាអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្ស អាស៊ានបូក៣ ឆ្នាំ២០១៦ [...]