«សាលារាជធានីបិទតន្ត្រីតាមស្ដុប ដូចបិទឆ្នាំងបាយជនពិការ»
ជនពិការភ្នែក និងពិការជើង ជាច្រើននាក់ បានសម្តែង ការព្រួយបារម្ភរបស់ពួកគេ បន្ទាបពីសាលារាជធានីភ្នំពញ គ្រោងនឹងលប់បំបាត់ ការប្រគុំតន្ត្រីជនពិការ នៅតាមផ្លូវកែងនានា ក្នុងរាជធានីភ្នំពេញ ក្នុងហេតុផលសណ្ដាប់ធ្នាប់ និងមុខមាត់រាជធានី។ ពួកគេគិតថា គម្រោងនៃហាមឃាត់នេះ នឹងប៉ះពាល់ដល់ការងារ និងធ្វើឲ្យជីវភាពរបស់ពួកគេ ធ្លាក់ចុះដុនដាបនោះផងទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ព័ត៌មាននេះ ទៅកាន់កាសែតក្នុងស្រុកមួយថា សាលារាជធានី គ្រោងនឹងបើកទីតាំងណាមួយផ្សេង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យក្រុមជនពិការទាំងនោះ មានកន្លែងសម្រាប់ប្រគុំតន្រ្តី របស់ខ្លួនវិញ និងតម្រូវឲ្យតំណាងជនពិការ ត្រូវមានលិខិតស្នើរសុំ ពីសាលារាជធានី។
អ្នកស្រី អ៊ុក គិរី ជាប្រធានក្រុកតន្រ្តីជនពិការជួយខ្លូនឯង ដែលមានក្រុមអ្នកពិការភ្នែក០៤នាក់ ហើយដែលកំពុងប្រគុំតន្រ្តីនៅជិតស្តុបផ្សារដើមគរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា អ្នកស្រីមានការព្រួយបារម្ភណាស់ ប្រសិនបើគម្រោង របស់សាលារាជធានីភ្នំពេញ ចេញប្រកាស ឲ្យឈប់ធ្វើការប្រគុំតន្ត្រីនេះ។
ស្រ្តីអាយុ៤០ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា អ្នកស្រីគ្មានក្រុមគ្រួសារទេ សព្វថ្ងៃនៅជាមួយក្រុមជនពិការដូចគ្នា។ បើថ្ងៃណាមួយ គេបញ្ឈប់ឲ្យមានការប្រគុំនេះ អ្នកស្រី និងក្រុមអ្នកស្រី នឹងបាត់បង់ចំណូល សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ហើយជនពិការនឹងជួបការលំបាក។ ម្យ៉ាងវិញទៀត ស្ត្រីពិការដដែលបានបន្ថែមថា គ្មានជនពិការណា ចង់ក្លាយជាអ្នកសុំទានទេ ដូច្នេះ បានជាពួកគាត់ខំតស៊ូរស់នៅ ដោយប្រើប្រាស់កម្លាំង និងទេពកោសល្យផ្ទាល់ខ្លូន ដូចជាការបង្កើត ជាក្រុមច្រៀងនៅតាមផ្សារ ឬស្តុប ដើម្បីបានប្រាក់កាសខ្លះ មកចិញ្ចឹមជីវិត។
មិនខុសពីគ្នាប៉ុន្មាននោះទេ ក្រុមជនពិការមួយក្រុមទៀត ដែលកំពុងច្រៀង នៅក្បែរស្តុបអាងទឹក រាជធានីភ្នំពេញ ក៏បានសម្ដែងទុក្ខកង្វល់ របស់ពួកគេជាខ្លាំងណាស់ដែរ។ លោក ចាន់ ម៉ាញ តំណាងឲ្យក្រុមជនពិការភ្នែក ទាំង០៧នាក់ នៅទីនោះ បានឲ្យដឹងថា បើសាលារាជធានីបិទ មិនឲ្យច្រៀងអង្គាសប្រាក់បែបនេះ គឺដូចជាបិទឆ្នាំងបាយជនពិការអញ្ចឹង។ ម្យ៉ាងវិញទៀតលោកថា បើតម្រូវឲ្យមានលិខិតស្នើរសុំ មែននោះ ជនពិការច្បាស់ជាមិនអាចប្រគុំ តាមកន្លែង និងតាមពេលវេលា ដែលខ្លូនចង់បាននោះទេ។
លោក ម៉ាញ បានលើកឡើងថា៖ «ដូចនៅតាមក្រុម ក្រុមណាបានលេង បានលេង ក្រុមណាអត់ ក៏អត់ទៅបង វាលំបាក់នៅកន្លែងហ្នឹងដែរ»។ ម្យ៉ាងវិញទៀត ការរៀបចំឯកសារ ដើម្បីស្នើសុំទៅសាលារាជធានីនោះ ក៏មិនជាមានលក្ខណៈងាយស្រួល សម្រាប់ជនពិការ ដែលក្រខ្សត់ និងពិការភ្នែក ឬដៃជើងដែរ។
ក្រុមជនពិការទាំងនេះ បានទទូចសុំឲ្យរដ្ឋាភិបាល មេត្តាជួយគិតគូរ ដល់ពួកគាត់ជាជនពិការ ជាពិសេសជួយធ្វើយ៉ាងណា ឲ្យមានមុខរបរ និងការងារផង។ ព្រោះខណៈនេះ ជនពិការបានខិតខំរស់ ដោយខ្លួនឯង និងចេញពីបាតដៃទាំងទ្វេ តែបើរដ្ឋាភិបាលមិនជួយ ហើយបែរជាបំបែកឆ្នាំងបាយ របស់ពួកគាត់ទៀតនោះ ពួកគាត់អាចនឹងត្រឡប់ ទៅធ្វើការសុំទានវិញ ជាពុំខាន៕