ផ្ទុះអាវុធកណ្ដាលរាជធានី រវាងអាវុធហត្ថនិងខ្មាន់កាំភ្លើង៖ អ្វីដែលគេដឹងចុងក្រោយ
មនុស្សពីរនាក់បានស្លាប់ ក្នុងនោះម្នាក់ជាមន្ត្រីរាជអាវុធហត្ថ និងម្នាក់ទៀត ជាខ្មាន់កាំភ្លើង ដែលបានបាញ់ឆ្លើយឆ្លង ជាមួយកងកម្លាំងអាជ្ញាធរ។ ជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន និងវាយខ្នោះបញ្ជូនទៅសួរចម្លើយ។ នេះបើតាមតុល្យភាពចុងក្រោយ ដែលមន្ត្រីរាជអាវុធហត្ថនៅនឹងកន្លែង បានប្រកាសឲ្យដឹង។ ហេតុការណ៍បានផ្ទុះឡើង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ វេលាម៉ោងប្រមាណ ១៦ និង១០នាទី នៅផ្ទះលេខ៣៧ ផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកនៅជុំវិញតំបន់កើតហេតុ ត្រូវរងចាំរហូតដល់២ម៉ោងក្រោយ ទើបការផ្ទុះអាវុធបានបញ្ចប់ទៅ ជាស្ថាពរ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ជនម្នាក់ដែលត្រូវកងកម្លាំងអាជ្ញាធរបាញ់ស្លាប់ នៅក្នុងផ្ទះនោះ ជាមេក្លោងនៅក្នុងការជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះ [...]