សហភាពអ៊ឺរ៉ុបព្រមានយកករណីសកម្មជនជាប់ឃុំទាំង៥ ឡើងទៅអ.ស.ប
ប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញសំណុំរឿង របស់សកម្មជនសិទ្ធិមនុស្សទាំង៥រូប ដែលកំពុងបន្តជាប់ឃុំ (ជាបណ្ដោះអាសន្ន) នៅក្នុងពន្ធនាគារព្រៃស បានបង្កការខកចិត្ត ទៅដល់សហភាពអ៊ឺរ៉ុប ដោយលើកឡើងតបទៅវិញថា នឹងជំរុញសំនុំរឿងនេះ ឡើងទៅឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលនឹងបើកឲ្យមានកិច្ចប្រជុំ ត្រួតពិនិត្យជាសាកល (Universal Periodic Review) ក្នុងពេលខាងមុខ។
លោក ហ្សក អេហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីរំលឹកខួបលើកទី២០ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ។ លោកថា លោកធ្លាប់បានពិភាក្សា ជាមួយរដ្ឋាភិបាលកម្ពុជាម្ដងរួចហើយ កាលពីខែឧសភាឆ្នាំ២០១៦ ក្នុងករណីបន្តឃុំខ្លួន [...]