ផៃ ស៊ីផាន៖ សម រង្ស៊ី ឡប់សតិស្មារតី ព្រោះចង់បានអំណាច
លោក សម រង្ស៊ី កំពុង«ឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាង» ដោយសារការចោទប្រកាន់ និងមហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេក។ នេះជាសំណេរវាយប្រហារ យ៉ាងចាស់ដៃ កាលពីថ្ងៃទី៣ ខែសីហា ពីសំណាក់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី តបទៅនឹងការលើកឡើង ជាសាធារណៈ និងជាច្រើនដង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហាញការជឿជាក់ថា «រដ្ឋាភិបាល ជាអ្នកនៅពីក្រោយឃាតករ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស បានសរសេរម្ដងជាពីរដង នៅលើទំព័រហ្វេសប៊ុករបស់លោក ជឿជាក់ថា ឃាតកម្មទៅលើលោក កែម ឡី ជាករណីដូចគ្នា ទៅនឹង«ករណីគប់គ្រាប់បែក ក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្ម លើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ [...]