បរាជ័យនៃកិច្ចចរចារទីបី ស្រមោលមហាបាតុកម្ម ត្រៀមពន្លេចខ្លួន?
យោងលើសេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ គេអាចយល់បានថា គណបក្សទាំងពីរ នៅតែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ដើម្បីឈានទៅបង្កើត គណៈកម្មការចម្រុះ ខណៈដែលគណបក្សសង្រ្គោះជាតិ បានព្រមានថាជម្រើសចុងក្រោយ នឹងធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ប្រសិនបើគណៈកម្មការនេះមិនអាចបង្កើតបាន ស្របពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់គណបក្សប្រជាជនកម្ពុជា បានពង្រាយកម្លាំងប្រដាប់អាវុធរួចជាស្រេច ក្នុងបំណងទប់ទល់ស្ថានការណ៍ណាមួយ ដែលជ្រុលទៅដល់ការបង្កអស្ថិរភាពសង្គម។
តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ការជួបប្រជុំរវាងគណបក្សទាំងពីរជាលើកទី៣នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ មិនទាន់មានការឯកភាពគ្នា ឈានទៅបង្កើតគណៈកម្មការចម្រុះនៅឡើយទេ។
[...]