ម៉ូស្គូ បង្កើតបណ្ណាល័យចម្រៀងសត្វស្លាប
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណងចង់អោយគេស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។
រូបជំនួស និយាយពីសត្វស្លាបស្រុកមួយ ដែលរស់នៅក្បែរមនុស្ស។
ចម្រៀងរបស់សត្វស្លាប ដែលមានកាន់តែច្រើនទៅៗ នៅក្នុងទីក្រុង និងតំបន់ជុំវិញ នឹងត្រូវរៀបចំផ្ទុកទុក នឹងថតចម្លងទុកនៅក្នុង កម្រងអាល់ប៊ុមមួយ ដែលនឹងចែកផ្សាយ នៅក្នុងសួនកំសាន្ដ សាលារៀន និងតាមបណ្ណាល័យ។ នេះជាការអោយដឹង របស់លោកនាយកការិយាល័យបរិដ្ឋាន នៃសាលាក្រុង លោក អង់តុន គូបាតឆេវស្គី (Anton Koulbatchevski)។
សៀវភៅចម្រៀងនេះ នឹងមានការដាក់បង្ហាញ នូវការពន្យល់ពីគ្រប់ប្រភេទសត្វ ក្នុងស្រុក ហើយភ្ជាប់ជាមួយនឹងរនាំងកូដ ដើម្បីគេអាចយកអត្តសញ្ញាណនេះ ឈានទៅទាញយក ចម្រៀងឬភ្លេងសុទ្ធនៅលើ គេហទំព័ររបស់សាលាក្រុង។
លោកនាយកបានពន្យល់ថា ៖ «កម្រងអាល់ប៊ុមនេះ នឹងជួយជម្រុញ និងបណ្ដុះអោយមាន គំនិតថែរក្សាបរិដ្ឋាន របស់បណ្ដាជនរស់នៅក្នុងទីក្រុង»។
សហព័ន្ធរ៉ូស្សី សម្រាប់ការពារសត្វស្លាប បានបញ្ចេញតួលេខថា នៅក្នុងទីក្រុងម៉ូស្គូ ប្រភេទសត្វស្លាបប្រមាណជា ២៥០ប្រភេទ កំពុងរស់នៅក្នុងតំបន់ជុំវិញនោះ ហើយមានប្រមាណជា១៦០ប្រភេទ រស់នៅក្នុងទីក្រុងដោយផ្ទាល់តែម្ដង៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ