វិភាគ៖ ដោះស្រាយ​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ ជា​ចំនុច​ចាប់​ផ្តើម​«ល្អ»មួយ

នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានប្រកាសសម្រេច ឲ្យមានការសាងសង់លំនៅដ្ឋាន និងសងនូវការខូចខាតមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅឃុំកែវផុស ខេត្តព្រះសីហនុ។ ការលើកឡើងនេះ បន្ទាប់ពីមានការឈូសឆាយ កម្ទេចផ្ទះសម្បែងរបស់ពលរដ្ឋអស់ជិតម្ភៃខ្នង របស់ក្រុមហ៊ុនស្រាបៀរលីអូ ក្រោមការដឹកនាំនៃមន្រ្តីសាលាដំបូងខេត្តព្រះសីហនុ ដោយអនុវត្តតាមសាលក្រម របស់តុលាការខេត្តកោះកុង ដែលកំពុងជាប់នីតិវិធីនៅសាលាឧទ្ធណ៍នៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានប្រកាសសម្រេច ឲ្យមានការសាងសង់លំនៅដ្ឋាន និងសងនូវការខូចខាតមួយ​ចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅឃុំកែវផុស ខេត្តព្រះសីហនុ។ ការលើកឡើងនេះ បន្ទាប់ពីមានការឈូស​ឆាយ កម្ទេចផ្ទះសម្បែងរបស់ពលរដ្ឋអស់ជិតម្ភៃខ្នង របស់ក្រុមហ៊ុនស្រាបៀរលីអូ ក្រោមការដឹកនាំនៃមន្រ្តីសាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយអនុវត្តតាមសាលក្រម របស់តុលាការខេត្តកោះកុង ដែលកំពុងជាប់នីតិវិធីនៅសាលាឧទ្ធណ៍នៅឡើយ។


លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់ថា «នឹងមិនរួចខ្លួនឡើយ» ហើយលោកនឹងនៅចាំមើលនូវការអនុវត្តច្បាប់ ទៅលើមន្រ្តីពាក់ពន្ធ័​ទាំងអស់ ដែលបានចូលរួមក្នុងហេតុការណ៍ទាំងនោះ។ កាលើកឡើងនេះ បានធ្វើកាលពីថ្ងៃទី១៩ មីនា នៅឯវិមានសន្តិភាព បន្ទាប់ពីលោកបានប្រកាសលុបចោល នូវសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ទាក់ទងនឹង​ទំនាស់ដីធ្លីនៅភូមិ​កែវផុស ខេត្តព្រះសីហនុ តាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១។

កិច្ចអន្តរាគមនេះ ត្រូវបានទទួលការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសាធារណៈជន ចំពោះការដោះស្រាយ​បញ្ហាវិវាទ​ដីធ្លី និងសិទិ្ធលំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។ តែនៅតាមតំបន់ផ្សេងៗទៀត ការរងគ្រោះដោយការរំលោភ​បំពាន​ដូចគ្នា​នេះ នៅតែមាននៅសកម្មភាខ្លាំងនៅឡើយ ក្នុងនោះ មានខ្លះតាមរយៈដីសម្បទានសេដ្ឋកិច្ច ខ្លះតាមរយៈកិច្ចអភិវឌ្ឍន៍នានា ហើយជានិច្ចកាល ការដោះស្រាយជូនប្រជាពលរដ្ឋ នូវទំនាស់ទាំងនោះមិនសូវមានប្រសិទ្ធិភាព និងតម្លាភាពនោះទេ។

អ្នកគ្រប់គ្រងបចេ្ចកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃសមាគមលីកាដូ លោក អំ សំអាត បានគាំទ្រទៅនឹង​ចំណាត់​ការរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវិធានការផ្លូវច្បាប់ ចំពោះជនដែលបានប្រព្រឹត្តទាំងនោះ និងបាន​ទប់​ស្កាត់ ចំពោះការរំលោកភសិទ្ធិដីធ្លី របស់ប្រជាពលរដ្ឋនៅភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីក្រុមហ៊ុន ។ លោក​លើកឡើងថា «ចំណុចចាប់ផ្តើមនៃខេត្តព្រះសីហនុ ក៏អាចអនុវត្តបាន នៅក្នុងតំបន់បឹងកក់ផងដែរ»។

ឯលោក ឡៅ ម៉ុងហៃ យល់ថា ការប្រកាសសម្រេច ឲ្យមានការសាងសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋនៅ​ខេត្តព្រះសីហនុ​នេះ ជាកាយវិការមួយជួយសម្រួល និងសម្រន់នូវកំហឹងរបស់ប្រជាពលរដ្ឋអ្នករងគ្រោះ ក្នុងរយៈពេលមួយ ដែលការ​បោះ​ឆ្នោតនឹង«មកដល់» នៅប៉ុន្មានខែខាងមុខនេះ។ អ្នកវិភាគឯករាជ្យរូបនេះបន្តថា នេះអាចជាការជួយសម្រួល ទាក់ទាញ​ការ​គាំទ្រជាបន្តបន្ទាប់។

ក្នុងរយៈកាលកន្លងមក ជាលទ្ធផលដែលទទួលបាន ពីការតវ៉ាទាមទានូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានទាំងនោះ មាន​ភាគ​រយតិចតួចបំផុត ដែលប្រជាពលរដ្ឋទទួលបាន «នូវដំណោះស្រាយសមរម្យមួយ»។ ប្រជាជនភាគច្រើនផ្សេងទៀត តែងតែ​ជួបប្រទះ នូវការ«វាយបង្គ្រាប» ពីកម្លាំងមានសមត្ថកិច្ច ដោយ«ហឹង្សា»។ ករណីមួយចំនួនទៀត ឈានទៅដល់ការចាប់ខ្លួន ដាក់ពន្ធនាគារ តាមរយៈស្ថាបន័តុលាការ ដូចជាករណីបឹងកក់នោះជាដើម។ លោក អំ សំអាត បានបញ្ជាក់ថា «ពីមុនមក​លោក (ហ៊ុន សែន) មានបំណងដោះស្រាយបញ្ចប់ហើយ លោកក៏បានចេញនូវអនុក្រិត្យ ដោយផ្តល់ដី១២.៤៤ហិចតា ដល់​ប្រជាពលរដ្ឋដែលកំពុងរស់នៅ សេសសល់ក្នុងតំបន់បឹងកក់ហ្នឹង ប៉ុន្តែគ្រាន់តែថា មកទល់នឹងពេលនេះមន្ត្រីថ្នាក់មូលដ្ឋាន មិនទាន់បានដោះស្រាយឲ្យបានចប់គ្រប់ ទៅតាមអនុក្រិត្យរបស់សម្តេចនាយកទេ និងក៏មិនទាន់បានកំណត់ព្រំណាមួយ ឲ្យបានច្បាស់លាស់ដែរ។ លោកប្រមុខរដ្ឋាភិបាល នឹងពិនិត្យឡើងវិញ ទៅលើតំបន់បឹងកក់នេះ។»

សម្រាប់លោក ឡៅ ម៉ុងហៃ វិញយល់ថា ការដោះស្រាយទាំងអស់នោះ មិនបានប្រើប្រាស់ស្ថាប័នក្នុង«ជួររដ្ឋាភិបាល» ឬ​ស្ថាប័ន«រដ្ឋបាលសាធារណៈ» ឲ្យដោះស្រាយទេ។ តែផ្ទុយទៅវិញ ច្រើនតែដោះស្រាយ តាមលក្ខណៈ«បុគ្គល» ដោយ​នាយករដ្ឋមន្ត្រីខ្លួនឯង ឬក៏បង្កើតស្ថាប័ន យន្តការ«ដាច់ដោយឡែក» មួយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាវិវាទ។ លោក​បន្តថា ស្ថាប័នទាំងនោះត្រូវតែដោះស្រាយ មានមធ្យោបាយដោះស្រាយ ហើយមានសមត្ថភាព មានការទទួលខុសត្រូវ នូវ​បញ្ហាទាំងឡាយ ដែលពាក់ពន្ថ័នឹងសមត្ថកិច្ច តាំងពីថ្នាក់លើ រហូតមកដល់ថ្នាក់មូលដ្ឋាន។

ទំនាស់ដីធ្លីប្រជាពលរដ្ឋនៅភូមិកែវផុសនេះ បានកើតឡើងតាំងពីឆ្នាំ២០០៦ ដែលកាលនោះស្ថិតក្នុងទឹកដីនៃខេត្តកោះកុង ហើយត្រូវបានកាត់បញ្ចូល ជាទឹកដីនៃខេត្តព្រះសីហនុ នៅឆ្នាំ២០១០។ នេះជាចំណុចវិជ្ជមានមួយ ក្នុងការដោះស្រាយ​នូវ​វិវាទដីធ្លី ជូនប្រជាពលរដ្ឋស្លូតត្រង់ ដែលទទួលបានដោះស្រាយ«ដោយផ្ទាល់» ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអំ សំអាត លើកឡើងថា នេះជាការដោះស្រាយមួយដ៏ល្អ ដោយ«ព្រហ្មវិហាធម៌» ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល។ លោកទទួលស្គាល់ នៅការខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាដីធ្លី តាមរយៈការបញ្ជូនយុវជនស្ម្រ័ចិត្ត ទៅវាស់​វែង​ដី​នៅតាមបណ្តាខេត្តជូនប្រជាពលរដ្ឋ។ ចំណែកលោក ឡៅ ម៉ុងហៃ ក៏យល់ដែរថា ការដោះស្រាយទំនាស់រវាងអាជ្ញាធរ ជា​មួយប្រជាពលរដ្ឋត្រូវមាន«សិល្បៈ» និង«ការទទួលសុខត្រូវ»។ បើកាលណាអាជ្ញាធរមួយ មានទំនាស់ជាមួយ​ប្រជាពលរដ្ឋ​ហើយ នឹងនៅតែប្រើអាជ្ញាធរនោះ ឲ្យទៅដោះស្រាយទំនាស់ទៀត វាប្រាដកជាមិនមានលទ្ធផលនោះទេ ព្រោះប្រជាពលរដ្ឋ​អស់ជំនឿទុកចិត្តទៅហើយ។ លោកបន្ថែមថា យន្តការដែលល្អក្នុងការដោះស្រាយទំនាស់ ត្រូវមានការតែងតាំង​បេសកជន​«ពិសេស»ម្នាក់ (ឬច្រើននាក់)  របស់នាយករដ្ឋមន្ត្រី ចូលមកដោះស្រាយ ហើយបញ្ជាឲ្យអាជ្ញាធរ ដែលមានទំនាស់នោះ​មក​ជាអ្នកសហការវិញ។

ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាកំពុងឈានទៅរកកិច្ចអភិវឌ្ឍន៍មួយ តាមរយៈការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច ដល់បណ្តាក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងក្រៅស្រុក បានធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិដីធ្លី របស់ប្រជា​ពលរដ្ឋជាច្រើនករណី នៅស្ទើរតែទូទាំងប្រទេស។ រីឯការដោះស្រាយវិញ តែងមានចម្រូងចម្រាស រវាងប្រជាពលរដ្ឋ និង​អាជ្ញាធរ រហូតមានការចាប់ខ្លួន និងឃុំខ្លួនទៀតផង។ មតិសាធារណៈជនទូទៅ ក៏បានសំណូមពរដល់​ប្រមុខរដ្ឋាភិបាល​កម្ពុជា ជួយដោះស្រាយចំពោះបញ្ហាទំនាស់ដីធ្លី ដែលកំពុងបន្តរាំរ៉ៃរហូតមកដល់បច្ចុប្បន្ននេះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...