ការ​ពាក់​ស្បៃ​រុំ​មុខ​ទាំង​ស្រុង​រង​ការពិន័យ​ដំបូង នៅ​ដាណឺម៉ាក

ស្ត្រីកាន់សាសនាឥស្លាមមួយរូប អាយុ២៨ឆ្នាំ បានទទួលការពិន័យ កាលពីចុងសប្ដាហ៍មុន ដោយសារខ្លួនពាក់ស្បៃរុំមុខទាំងស្រុង ដែលត្រូវបានហាមឃាត់ រាប់ចាប់ពីថ្ងៃទី១ ខែសីហានេះមក។
ការ​ពាក់​ស្បៃ​រុំ​មុខ​ទាំង​ស្រុង​រង​ការពិន័យ​ដំបូង នៅ​ដាណឺម៉ាក
ការប្រើស្បៃរុំមុខទាំងស្រុង ទុកតែប្រឡោះភ្នែក ត្រូវបានហាមឃាត់ នៅក្នុងប្រទេសដាណឺម៉ាក បន្ទាប់ពីប្រទេសផ្សេងទៀតជាច្រើន នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិខ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 09, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការពិន័យដំបូងបំផុត ប្រឆាំងនឹងពាក់ស្បៃរុំមុខទាំងស្រុង (ទុកតែប្រឡោះភ្នែក) នៅក្នុងប្រទេសដាណឺម៉ាក ត្រូវបានចាត់ការ ប្រឆាំងនឹងស្រីកាន់សាសនាឥស្លាមម្នាក់ អាយុ២៨ឆ្នាំ កាលពីចុងសប្ដាហ៍មុន។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានដាណឺម៉ាក។

នគរបាលបានដឹងពីដំណឹង នៃជម្លោះមួយ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រង «Horsholm (ស្ថិតនៅភាគឦសាន នៃប្រទេស)»។ គឺជាជម្លោះកើតឡើង  រវាងស្ត្រីខាងលើ និងស្ត្រីមួយរូបទៀត ដែលព្យាយាមដកស្បៃរុំមុខ ពីនាង។ នេះបើតាមការថ្លែងឡើង របស់នាយនគរបាលតំបន់ លោក «David Borchersen» ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មាន «Ritzau»។

នាយនគរបាលរូបនេះ បានថ្លែងថា៖ «នៅក្នុងជម្លោះរបស់ពួកគេ ស្បៃរុំមុខត្រូវបានទាញទម្លាក់ចេញ ប៉ុន្តែនៅពេលយើងទៅដល់កន្លែងកើតហេតុ ស្បៃរុំមុខត្រូវបានយកទៅរុំមុខជាថ្មី»។

នគរបាលបានថតរូបស្ត្រី ដែលពាក់ស្បៃរុំមុខ ហើយក៏ទទួលបានរូបភាពផ្សេងទៀត ពីកាម៉េរ៉ាសុវត្ថិភាព របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលទាក់ទងនឹងហេតុការណ៍នេះដែរ។

ស្ត្រីអាយុ២៨ឆ្នាំ ត្រូវបានព្រមានឲ្យដឹងថា ខ្លួននាងនឹងទទួលការពិន័យ ជាទឹកប្រាក់ ១០០០គូរ៉ូន (ត្រូវជា ១៣៤អ៊ឺរ៉ូ ឬប្រមាណជា ១៥០ដុល្លារ) ហើយនាងត្រូវមានកាតព្វកិច្ច ដោះស្បៃរុំមុខចេញ នៅពេលនាងដើរចូល ក្នុងទីសាធារណៈ។ លោកនាយនគរបាលដដែល បានថ្លែងបន្តថា៖ «ស្ត្រីរូបនោះ បានជ្រើសរើសយក មិនដើរចូលក្នុងទីសាធារណៈ នៅពេលក្រោយទៀតទេ»។

តាំងពីថ្ងៃទី១ ខែសីហានេះមក ច្បាប់ហាមឃាត់ ការពាក់ស្បៃរុំមុខទាំងស្រុង ឬការពាក់វត្ថុអ្វីផ្សេង ដែលបិតបាំង​មិនឲ្យឃើញមុខ ក្នុងទីសាធារណៈ ត្រូវបានចូលជាធរមាន នៅក្នុងរាជាណាចក្រ​ដាណឺម៉ាក។ បណ្ដាជនណា ដែលល្មើសនឹងច្បាប់នេះ នឹងទទួលការពិន័យ ដែលអាចមានកម្រិត រហូតដល់ទៅ ១០ ០០០គូរ៉ូន (ត្រូវជា ១៣៤០អ៊ឺរ៉ូ ឬប្រមាណជា ១៥០០ដុល្លារអាមេរិក)។

ក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស បានរិះគន់ច្បាប់នេះ តែបណ្ដាជនភាគច្រើន បានអះអាងផ្ទុយមកវិញថា ច្បាប់នេះមានទិសដៅ ក្នុងការជួយសម្រួល ដល់ការរួមរស់ក្នុងសង្គមដាណឺម៉ាក សម្រាប់បណ្ដាជនអន្តោប្រវេសន៍ ដែលកាន់សាសនាឥស្លាម និយមតឹង។

មិនមែនមាន តែនៅក្នុងប្រទេសដាណឺម៉ាក នោះទេ តែនៅទ្វីបអ៊ឺរ៉ុប មានប្រទេសជាច្រើន ដូចជាប្រទេស​ប៊ែលហ្សិក បារាំង អាល្លឺម៉ង់ និងប្រទេសអូទ្រីស ក៏បានបង្កើតរួចមកហើយ នូវច្បាប់ស្រដៀងគ្នានេះ ដើម្បីហាមឃាត់ការបិទបាំងមុខ នៅទីសាធារណៈដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...