រថយន្តដែលប្រើប្រាស់ការបញ្ចូលចរន្តអគ្គីសនី ដោយ«មិនប្រើខ្សែរ»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តម្លៃរថយន្តដែលប្រើចរន្តអគ្គីសនី មានការធ្លាក់ចុះ ដោយសារតែបញ្ហាបញ្ចូលចរន្ត មិនទទួលបានដំណោះស្រាយល្អ។ កន្លែងសាកចរន្តនៅមានចំនួនតិច និងមានចម្ងាយឆ្ងាយ ម្យ៉ាងវិញទៀតវាត្រូវការពេលវេលាច្រើន ក្នុងការបញ្ចូលចរន្តនោះ មុននឹងរថយន្ដ អាចមានដំណើរការឡើងវិញ។
រថយន្តដែលប្រើចរន្តអគ្គីសនី ត្រូវការមានកន្លែងសាកបញ្ចូលថាមពល។ ដូច្នេះគេត្រូវការបច្ចេកវិទ្យាមួយ ដើម្បីបញ្ចូលវាពីចម្ងាយ។
លោក ស្វិន បេគឺ (Sven Beiker) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវស្វ័យយន្ត នៅឯសាកលវិទ្យាល័យ ស្តេមហ្វដ (Stanford University) ក្នុងរដ្ឋកាលីហ្វញ៉ា (California) បាននិយាយថា «យានយន្តដែលប្រើប្រាស់ចរន្តអគ្គីសនីនេះ មិនទាន់មានស្ថានីយសាកចរន្តច្រើននៅឡើយទេ ហើយបើអ្នករកឃើញស្ថានីយហើយ ក៏អ្នកត្រូវចំណាយពេលច្រើន ក្នុងការសាកវាឲ្យពេញដែរ។ ដូច្នេះវាពិតជាខាតពេល ដល់ការធ្វើដំណើររបស់អ្នក។»
ក្នុងរដ្ឋកាលីហ្វញ៉ា ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅឯសាកលវិទ្យាល័យ ស្តេមហ្វដ បានបង្កើត ប្រព័ន្ធសាកចរន្តដោយប្រើប្រាស់ ម៉ាញ៉េទិច ដើម្បីបញ្ជូនចរន្តទៅកាន់អាគុយរថយន្ត ដោយប្រព័ន្ធមិនប្រើខ្សែរ (វ៉ាយអឺឡេស wireless)។ មហិច្ឆិតារបស់ពួកគេ គឺដើម្បីអភិវឌ្ឍន៏គ្រប់ផ្លួវទាំងអស់ ឲ្យមានចរន្តអគ្គីសនី ដែលអាចបញ្ចូលចរន្តដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេធ្វើដំណើរតាមដងផ្លូវ។
លោក ស្វិន បេគឺ បានពន្យល់ថា «ប្រសើរណាស់ ប្រព័ន្ធសាកចរន្តដោយមិនប្រើខ្សែរ គឺជាអ្វីដែលពិភពលោកត្រូវការ។ អ្នកអាចសាកចរន្តដោយមិនចាំបាច់ ប្រើប្រាស់ខ្សែអ្វីទាំងអស់ រវាងឧបករណ៏សាក និងរថយន្ត។ នេះមានន័យថា អ្នកអាចបញ្ជូនថាមពល ពីចម្ងាយ ដោយមិន ចាំបាច់ទៅដល់ស្ថានីយតែម្តងក៏បាន។»
តាមការស្ទង់មើលរបស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា តម្លៃរថយន្ត ដែលប្រើប្រាស់ដោយចរន្តអគ្គីសនីនេះ គឺថ្លៃជាងរថយន្ត ដែលប្រើប្រាស់ប្រេងសាំង ឬម៉ាស៊ូត ដល់ទៅពាក់កណ្តាល។ ប៉ុន្តែពួកវា មានភាពប្រសើរចំពោះបរិដ្ឋាន ហើយពួកវាមិនត្រឹមតែជាអ្នកសំអាតបរិដ្ឋានទេ គឺថែមទាំងគ្មានសំលេងរំខាន ថែមទៀត។ ប៉ុន្តែនៅតែមានបញ្ហាចោទជាសំនួរថា តើរថយន្តដែលប្រើប្រាស់ចរន្តអគ្គីសនីនេះ អាចធ្វើដំណើរបានចម្ងាយឆ្ងាយប៉ុន្មាន មុនពេលដែលត្រូវអស់ថាមពលពីអាគុយ។ ទាំងនេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យអតិថិជន មានការព្រួយបារម្មណ៏ និងពិបាកសម្រេចចិត្តក្នុងការទិញ។
ប៉ុន្តែប្រព័ន្ធសាកចរន្តមិនប្រើខ្សែរ អាចជាចម្លើយ និងជាដំណោះស្រាយចំពោះបញ្ហានេះ។ វាមិនចាំបាច់ខិតខំច្រើន ហើយអាចជួយដោះស្រាយបញ្ហានៃការរង់ចាំ ការសាកចរន្តអាគុយរថយន្តរបស់អ្នកជាច្រើនម៉ោង ដោយគ្រាន់តែចំណាយពេលវេលា បន្តិចបន្តួចប៉ុណ្ណោះជាការស្រេច៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ