បាល់ទាត់ពិភពលោក៖ ម៉ារ៉ុករកគ្រាប់បាល់ឲ្យជ័យជំនះទៅអៀរ៉ង់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 16, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាគ្រាប់បាល់ របស់កីឡាករ «Aziz Bouhaddouz» ខ្សែការពារ របស់ក្រុម ម៉ារ៉ុក ដែលប្រើក្បាលរុញ ដើម្បីបញ្ឈៀសបាល់ ពីជើងខ្សែប្រយុទ្ធក្រុម អៀរ៉ង់ តែបែរជាចូលទៅក្នុងទីខ្លួនឯង បង្កើតជ័យជំនះ (០-១) និង៣ពិន្ទុ ឲ្យក្រុមអៀរ៉ង់ នៅក្នុងពូល B ទៅវិញ។ ហើយគ្រាប់បាល់នេះទៀតសោធ រកបាននៅចុងបញ្ចប់ (៩០+៥នាទី) នៃការប្រកួតជម្រុះ រវាងក្រុមទាំងពីរ ក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើមើលពីសាច់បាល់វិញ តាមពិតទៅ ក្រុមម៉ារ៉ុក បានគ្របដណ្ដប់ ទៅលើសាច់បាល់ សឹងតែពេញមួយប្រកួត និងមានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ ខណៈក្រុម អៀរ៉ង់ ឯណោះវិញ ត្រូវធ្វើយ៉ាងណា ដើម្បីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកនេះ ឲ្យបានយូរបំផុត។ ហើយទៅចុងបញ្ចប់ គឺជាអ្វី ដែលក្រុម អៀរ៉ង់ បានសង្ឃឹម ដោយរកបានបីពិន្ទុ ពីកំហុសរបស់ខ្សែការពារ ម៉ារ៉ុក។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ម៉ារ៉ុក និងក្រុម អៀរ៉ង់៖
ប៉ុន្តែ គេត្រូវនិយាយថា ក្រុមជម្រើសជាតិ ម៉ារ៉ុក មានខ្សែប្រយុទ្ធរបស់ខ្លួន ដែលមិនមានប្រសិទ្ធភាព ដែលធ្វើឲ្យខ្សែការពារ អៀរ៉ង់ តែងបញ្ជៀសគ្រាប់បាល់បានជានិច្ច។ ខ្សែការពារដ៏រឹងមាំរបស់ក្រុម អៀរ៉ង់ ដែលអាចរំខាន ដល់ក្រុមយក្សពីរទៀត នៅក្នុងពូល (ក្រុម អេស្ប៉ាញ និងក្រុម ព័រទុយហ្គាល់) នៅពេលក្រុម អៀរ៉ង់ ទៅជួបក្រុមទាំងពីរ នៅប៉ុន្មានថ្ងៃខាងមុខ។
យ៉ាងណា ក៏ពេលនេះ ក្រុម អៀរ៉ង់ រកបានបីពិន្ទុ ហើយកំពុងកាប់កាប់ចំណាត់ថ្នាក់ទី១ នៃពូល B ដោយរង់ចាំមើលការប្រកួត រវាងក្រុម អេស្ប៉ាញ និងក្រុម ព័រទុយហ្គាល់ នៅបន្តិចទៀត៕