មេទ័ពស្និត CPP ថាមន្ត្រី CNRP នឹងរៀបចំទ័ពនៅព្រំដែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៨
- កែប្រែចុងក្រោយ: January 04, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីថ្លែងជំរុញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បដិវត្តិពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍនោះរួច មេទ័ពកំពូលរបស់កម្ពុជា បានបង្ហើបឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ពីក្នុងចំណោមមន្ត្រីទាំង១១៨រូប ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំ កំពុងមានគំនិត នឹងរៀបចំបង្កើតតំបន់យោធា នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក ប៉ុល សារឿន ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ និងប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺន ឆ្នាំ ២០១៨ នៅទីអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ កន្លងមក។
មេទ័ពកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលនៅពីក្រោយ នៅបន្តព្យាយាមធ្វើបដិវត្តន៍ពណ៌ និងវាអាចមានគ្រោះថ្នាក់ ហើយសុំជំរុញឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ក្នុងការជួយទប់ស្កាត់បដិវត្តន៍ពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអវិឌ្ឍ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី។ យើងទាំងអស់គ្នាត្រូវតែការពារសន្តិភាព ក្នុងនាមជាកងយុទ្ធពលខេមរភូមិន្ទ ក្រោមការដឹកនាំ របស់សម្តេចតេជោយើងឲ្យបាន»។
លោក ប៉ុល សារឿន ដែលពាក់«ផ្កាយបួន» បានបន្តថា៖ «នៅក្នុង ១១៨ នាក់ហ្នឹង នៅមានគំនិតថា នឹងរៀបចំតំបន់យោធា នៅតាមព្រំដែនដូចសម័យសង្គ្រាមស៊ីវិល នៅតាមព្រំដែនកម្ពុជា-ថៃ»។
លោកអគ្គបញ្ជាការកងទ័ព ដែលជាសមាជិកមួយរូប ក្នុងគណៈកម្មាការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជារូបនេះ បានពន្យល់ពីព្រឹត្តិការណ៍នយោបាយចុងក្រោយ ទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិ របស់មន្ត្រី១១៨នាក់ នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ គឺជា«ជោគជ័យ»ក្នុងប្រវត្តិសាស្ត្រ នៃការទប់ស្កាត់បដិវត្តន៍ពណ៌។
លោក ប៉ុល សារឿន បានថ្លែងថា៖ «អ្វីដែលជោគជ័យ ក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសយើង នៅក្នុងឆ្នាំ ២០១៧ គឺការងារពាក់ព័ន្ធការបំផ្លិចបំផ្លាញផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា។ ហើយប្រសិនណា មិនបំផ្លាញផែនការបដិវត្តន៍ពណ៌នេះបានទេ នោះបញ្ហាការពារសន្តិភាព ដែលជាតម្លៃខ្ពស់បំផុតនោះ មិនអាចធ្វើទៅបានទេ។»។
ការលើកឡើងខាងលើ របស់លោក ប៉ុល សារឿន បានទទួលប្រតិកម្មចម្រុះមកវិញ ពីក្រុមអ្នកវិភាគ និងក្រុមអ្នកមាននិន្នាការស្និតនឹងគណបក្សប្រឆាំង។ លោក ប៉ាង សុខឿន ដែលដាក់រហស្សនាម «សុវណ្ណភូមិខ្មែរ» នៅលើបណ្ដាញសង្គម បានហៅការថ្លែងរបស់មេទ័ពកម្ពុជា ថាជា«ការបោកប្រាសសុទ្ធ»។ លោក សុខឿន ដែលគេស្គាល់ថា មាននិន្នាការស្និតនឹងគណបក្សប្រឆាំង បានពន្យល់ថា នៅព្រំដែនកម្ពុជា-ថៃ លែងមានព្រៃ សម្រាប់ការលាក់ខ្លួន និងបង្កើតទ័ពនោះទៀតហើយ។ ជាពិសេស នៅក្នុងតំបន់នោះទៀតសោធ ក៏មានការឈរជើងពាសពេញ នូវកងកម្លាំងប្រដាប់អាវុធ ដែលបញ្ជាដោយលោក ហ៊ុន សែន នោះដែរ។
សម្រាប់អ្នកវិភាគនយោបាយ លោក មាស នី បានចាត់ទុកការលើកឡើង របស់មេទ័ពកម្ពុជា ថាជា«ឧបាយកលនយោបាយ» និងបានពន្យល់ពី«បដិវត្តន៍ពណ៌» ថា«គ្រាន់តែជាការសង្ស័យរបស់រដ្ឋាភិបាល ដែលបានលើកឡើងតែខ្លួនឯងប៉ុណ្ណោះ»។