រដ្ឋាភិបាល​អេស្ប៉ាញ យក​តំបន់​កាតាឡូញ​មក​គ្រប់​គ្រង​វិញ

ព្រឹកថ្ងៃសៅរ៍ទី២៨ ខែតុលា តំបន់កាតាឡូញ (Catalogne) ទាំងមូល ដែលបានស្ថិតក្រោម ការគ្រប់គ្រងកន្លងមក របស់រដ្ឋាភិបាលស្វ័យត ត្រូវបានរដ្ឋាភិបាលកណ្ដាល របស់ប្រទេសអេស្ប៉ាញ ទាញយកមកគ្រប់គ្រងវិញ ដោយអនុវត្តន៍តាមមាត្រ ១៥៥ នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញ។ ប្រតិកម្មដូចនេះ របស់រដ្ឋាភិបាលក្រុង ម៉ាឌ្រីត បានឆ្លើយតបភ្លាមៗ នៅនឹងសេចក្ដីប្រកាស«ឯករាជ្យ (មានន័យស្មើផ្ដាច់ទឹកដី)» ជាផ្លូវការ របស់សភាស្វ័យត នៃតំបន់កាតាឡូញ កាលពីម្សិលម៉ិញ។ ប៉ុន្តែសេចក្ដីប្រកាស«ឯករាជ្យ»ខាងលើ ក៏ត្រូវបានសហគមន៍អន្តរជាតិជាទូទៅ ច្រានចោលដែរ។
រដ្ឋាភិបាល​អេស្ប៉ាញ យក​តំបន់​កាតាឡូញ​មក​គ្រប់​គ្រង​វិញ
លោក ម៉ារីយ៉ាណូ រ៉ាហ័យ នាយករដ្ឋមន្ត្រី នៃប្រទេសអេស្ប៉ាញ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 28, 2017
  • ប្រធានបទ: ទឹកដីអេស្ប៉ាញ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋឯករាជ្យនិយម ជាច្រើនសិបពាន់នាក់ បានប្រមូលគ្នាកាលពីយប់ម៉ិញ (ថ្ងៃសុក្រចូលមកថ្ងៃសៅរិ៍) កណ្ដាលក្រុង បាសឺឡូន (Barcelonne) ដើម្បីអបអរសាទរ ការប្រកាស«ឯករាជ្យ» ធ្វើឡើងដោយសភាស្វ័យត នៃតំបន់កាតាឡូញ (Catalogne) ដែលមានការចូលរួមប្រជុំ តែពីក្រុមតំណាងរាស្ត្រឯកបក្ស និយមការបំបែកទឹកដី កាលពីរសៀលថ្ងៃសុក្រ។ ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះ មនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ក៏បានជួបជុំគ្នា នៅរាជធានី ម៉ាឌ្រីត ដើម្បីគាំទ្រឲ្យរក្សាទុក តំបន់កាតាឡូញ នៅក្នុងទឹកដីអេស្ប៉ាញដែរ។ 

ក្នុងយប់ថ្ងៃសុក្រដដែលន រដ្ឋាភិបាលកណ្ដាល នៃប្រទេសអេស្ប៉ាញ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូ រ៉ាហ័យ (Mariano Rajoy) បានចាប់ផ្ដើមអនុវត្តន៍ នូវចំណាត់ការ«កណ្ដាប់ដៃដែក» ដែលបានគ្រោងទុក តាំងពីច្រើនសប្ដាហ៍មកនោះ ដើម្បីយកតំបន់ កាតាឡូញ មកគ្រប់គ្រងវិញ។ លោក រ៉ាហ័យ បានប្រកាសអនុវត្តន៍ នូវចំណាត់ការទាំងនេះភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ។

នៅឱកាសនោះ លោកនាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូ រ៉ាហ័យ បានប្រកាសដកលោក «Carles Puigdemont» ចេញពីតំណែងជាអភិបាល តំបន់កាតាឡូញ និងរំលាយរដ្ឋាភិបាលស្វ័យតរបស់លោក ដែលបានដឹកនាំតំបន់កាតាឡូញ មកដល់ពេលនេះ នូវនយោបាយបំបែកទឹកដីនិយម។ រីឯសភាស្វ័យតរបស់តំបន់នេះវិញ ក៏ត្រូវបានរំលាយដែរ ហើយត្រូវរង់ចាំការបោះឆ្នោតជាថ្មី ដែលគ្រោងធ្វើ នៅថ្ងៃទី២១ ខែធ្នូខាងមុខ។

ចាប់ពីថ្ងៃសៅរ៍នេះតទៅ ឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកណ្ដាល អ្នកស្រី «Soraya Saenz de Santamaria» នឹងជួបប្រជុំជាមួយរដ្ឋលេខាធិការទាំងឡាយ ដើម្បីចាត់ឲ្យទទួលបន្ទុក និងឡើងកាន់តំណែងនានា នៅក្នុងរដ្ឋបាលនៃតំបន់កាតាឡូញ។

ចំណាត់ការផ្សេងទៀត ក៏ត្រូវបានអនុវត្តន៍ដែរ ដូចជាការដកចេញពីតំណែង នូវស្នងការនគរបាល នៃតំបន់កាតាឡូញ ឬការបិទការិយាល័យតំណាងទាំងឡាយ របស់តំបន់កាតាឡូញ ដែលមានតាំងនៅ ក្នុងប្រទេសផ្សេងទៀត លើពិភពលោក។ លោក រ៉ាហ័យ បានថ្លែងឡើងថា៖ «រដ្ឋាភិបាលបានអនុម័តចំណាត់ការទាំងនេះ ដើម្បីបញ្ជៀសការចាប់ប្រជាជន កាតាឡូញ ភាគច្រើនផ្សេងទៀត ជាចំណាប់ខ្មាំង ដែលវាជាការ មិនអាចទទួលយកបាន និងបញ្ជៀស នូវការលួចកាត់ចែកទឹកដី របស់ប្រជាជនអេស្ប៉ាញ»។

ព្រឹត្តិការណ៍ដ៏រំជើបរំជួលខាងលើ បានបង្កឲ្យមានការព្រួយបារម្ភជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ។ ប្រធានគណៈកម្មកាអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប លោក «Jean-Claude Juncker» បានបញ្ជាក់កាលពីថ្ងៃសុក្រថា អ៊ឺរ៉ុបមិនត្រូវការប្រេះឆា ផ្សេងទៀតទេ។ រដ្ឋាភិបាលនៃប្រទេសធំៗជាច្រើន ក្នុងនោះមានអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា សុទ្ធតែបញ្ចេញប្រតិកម្ម របស់ផងខ្លួន គាំទ្រ«ការបង្រួបបង្រួម នៃប្រទេសអេស្ប៉ាញ» ជាជាងការបបែកទឹកដី។

សម្រាប់បណ្ដាជន​កាតាឡូញ ដែលនិយមបំបែកទឹកដីវិញ បានអះអាងនៅព្រឹកថ្ងៃសៅរ៍នេះដែរថា ពួកគេនឹងមិនបញ្ឈប់សកម្មភាព នៃគម្រោងបង្កើត​«សាធារណរដ្ឋ កាតាឡូញ» របស់ពួកគេនោះទេ។ ក្រុមនិយមបំបែកទឹកដីមួយ នៃគណបក្សឆ្វេងនិយមជ្រុល របស់តំបន់កាតាឡូញ ដែលបានជំរុញ ឲ្យមានការប្រកាស «ឯករាជ្យ» ខាងលើ បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរថា៖ «យើងបន្តជំហានរបស់យើង ក្នុងការសាងសង់សាធារណរដ្ឋ! យើងមិនចុះចាញដាច់ខាត នៅចំពោះទង្វើបែបផ្ដាច់ការ របស់នាយករដ្ឋមន្ត្រី រ៉ាហ័យ និងនៅចំពោះមាត្រា ១៥៥ (នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញ)»។

ក្នុងការបោះឆ្នោតតំបន់ កាលពីឆ្នាំ២០១៥ ក្រុមអ្នកនិយមបំបែកទឹកដី ទទួលបានសម្លេងឆ្នោតសរុប មិនបានពាក់កណ្ដាលផងទេ (ទទួលបាន ៤៧,៩%) នៃសម្លេងពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ តែទទួលបានអាសនៈភាគច្រើនដាច់ខាត នៅក្នុងសភាស្វ័យត នៃតំបន់កាតាឡូញ ដែលអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលស្វ័យត ដែលមាននិន្នាការបំបែកទឹកដីនិយម មួយឡើង។ រីឯការប្រកាសឯករាជ្យ កាលពីរសៀលថ្ងៃសុក្រម្សិលម៉ិញ ទទួលបានសម្លេងគាំទ្រ ក្នុងសភាស្វ័យត តែ៧០សម្លេងប៉ុណ្ណោះ ពីក្នុងចំណោម១៣៥អាសនៈ ខណៈសមាជិកសភាផ្សេងទៀត មកពីគណបក្សប្រឆាំង បានដើរចេញពីអង្គប្រជុំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...