ស ខេង ព្រមាន១១គណបក្ស និងប្ដឹងរំលាយ៩គណបក្ស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ សីហា ២០១៧
- កែប្រែចុងក្រោយ: August 31, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សទាំង១១នោះ ដែលរងការព្រមាន ពីសំណាក់ក្រសួងមហាផ្ទៃនោះ រួមមានគណបក្ស សម រង្ស៊ី - គណបក្សហ្វ៊ុនស៊ិនប៉ិច - គណបក្សអំណាចខ្មែរ - គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ - គណបក្សខ្មែរអង្គរ - គណបក្សប្រជាធិបតេយ្យខ្មែរ - គណបក្សសង្គមប្រជាធិបតេយ្យ - គណបក្សមហានគរ - គណបក្សរណសិរ្សសង្គមជាតិនិយម - គណបក្សកសាងជាតិ និងគណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ។
លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ដែលផ្ញើរទៅគណបក្សទាំងនោះផ្សេងៗគ្នា និងដែលចុះហត្ថលេខាដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតម្រូវឲ្យគណបក្សខាងលើ ត្រូវបំពេញកាតព្វកិច្ច ឲ្យស្របទៅនឹងច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ។ កាតព្វកិច្ចទាំងនោះ មានដូចជា តម្រូវឲ្យគណបក្ស សម រង្ស៊ី ត្រូវផ្តូរឈ្មោះចេញ - គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវផ្លាស់ប្តូរសញ្ញាសម្គាល់ (LOGO) ខណៈសញ្ញាសម្គាល់របស់គណបក្សនេះ នាពេលបច្ចុប្បន្ន មានរូបរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងគណបក្សផ្សេងទៀត ត្រូវបំពេញកាតព្វកិច្ច តាមមាត្រា២៦ និងមាត្រា៤៨ នៃច្បាប់ខាងលើ។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបត្រូវបានធ្វើវិសោធនកម្ម មិនអនុញ្ញាតឲ្យគណបក្ស យកឈ្មោះ ឬរូបរបស់បុគ្គល ទៅធ្វើជាឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សនោះឡើយ។
មាត្រា២៦ នៃច្បាប់នេះ ចែងថា៖ «គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយ ត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នូវបញ្ជីឈ្មោះប្រធាននិងអនុប្រធានគណបក្ស ក្នុងករណីដែលមានសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល។ ចំណែកការផ្លាស់ប្តូរប្រធាន ឬអនុប្រធានគណបក្ស , សមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល ត្រូវជូនដំណឹង ទៅក្រសួងមហាផ្ទៃ។ ក្នុងករណីប្តូរឈ្មោះសញ្ញាសម្គាល់ ទីស្នាក់ការ កែប្រែគោលនយោបាយ និងកម្មវិធីនយោបាយ ឬធ្វើវិសោធនកម្មលើលក្ខន្តិកៈ គណបក្សត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃ។»។
រីឯមាត្រា៤៨ នៃច្បាប់ដដែល ចែងថា៖ «គណបក្ស ដែលត្រូវបង្កើតនិងចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ត្រូវបំពេញសំណុំបែបបទ ធ្វើនិយ័តកម្មស្របតាមបទបញ្ញត្តិនៃច្បាប់ ស្តីពីគណបក្សនយោបាយ ក្នុងរយៈពេល៩0ថ្ងៃយ៉ាងយូរ»។
លិខិតទាំងនោះ របស់ក្រសួងមហាផ្ទៃ បានសរសេរព្រមាន ដូចៗគ្នាថា៖ «ក្នុងករណីខកខាន មិនបានបំពេញកាព្វកិច្ចជាថ្មីទៀត ក្រសួងមហាផ្ទៃ នឹងសម្រេចចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន»។
ការព្រមានខាងលើ ទៅកាន់គណបក្សចំនួន១១នេះ ធ្វើឡើងស្របគ្នា នឹងបណ្ដឹងមួយ ពីសំណាក់ក្រសួងមហាផ្ទៃ ប្ដឹងទៅកាន់តុលាការកំពូល កាលពីថ្ងៃទី២៩ ខែសីហាដដែល ស្នើសុំឲ្យរំលាយចោល នូវគណបក្សចំនួន៩ផ្សេងទៀត។ គណបក្សនយោបាយទាំងនោះ រួមមាន៖ គណបក្សប្រជាជាតិខ្មែរ - គណបក្សពលរដ្ឋខ្មែរ - គណបក្សសង្គមខ្មែរនិយម - គណបក្សសង្គមថ្មី - គណបក្សខ្មែរជាតិនិយម - គណបក្សនាងនាគនារីខ្មែរ - គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង - គណបក្សស្ដ្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ។
ក្រសួងបានលើកមូលហេតុ មកពន្យល់នៅក្នុងបណ្ដឹង ដែលចុះហត្ថលេខា ដោយលោក ស ខេង នោះថា គណបក្សនយោបាយ ទាំង៩ខាងលើ បានប្រព្រឹត្តបទល្មើស នឹងបទបញ្ញត្តិមាត្រា៣១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃ និងកំពុងជាប់បណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ។
មាត្រា៣១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ចែងក្នុងវាក្យខណ្ឌដំបូងថា៖ «គណបក្សនយោបាយ ដែលបានចុះបញ្ជី គណបក្សនយោបាយរួចហើយ ត្រូវផ្ញើររបាយការណ៍ មកកាន់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ របាយការណ៍ត្រូវចុះហត្ថលេខា ដោយប្រធានគណបក្សនយោបាយ និងហេរញ្ញិក»។
លោក ស ខេង បានបញ្ជាក់ នៅក្នុងបណ្ដឹងនោះថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម ផ្អាកសកម្មភាពបណ្ណោះអាសន្ន ចំពោះគណបក្សនយោបាយចំនួន៤រួចហើយ។ គណបក្សទាំងបួននោះ មាន៖ គណបក្សនាងនាគនារីខ្មែរ - គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង - គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ដ្រីសង្គ្រោះកម្ពុជា។
សូមបញ្ជាក់ដែរថា គណបក្សនយោបាយ ក្នុងប្រទេសកម្ពុជាមានចំនួន ៦៧គណបក្ស ក្នុងនោះ គណបក្សចំនួន៤៤ បានចុះបញ្ជីគណបក្សនយោបាយរួច នៅក្រសួងមហាផ្ទៃ។ នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំទៅម៉ិញ៕