កម្ពុជា៖ វិបត្តិថវិកា នៅសាលាក្ដីវិសមញ្ញកាត់ទោសមេដឹកនាំខ្មែរក្រហម
រងការរិះគន់ មិនចេះចប់មិនចេះហើយ តាំងពីថ្ងៃចាប់កំណើតដំបូងនោះផង សាលាក្ដីវិសមញ្ញ សម្រាប់កាត់ទោសមេដឹកនាំ ខ្មែរក្រហមមួយនេះ បានកំពុងឆ្លងកាត់នូវវិញ្ញាសារមួយ ដែលអាចជាគ្រោះថ្នាក់ដ៏ធំ ទៅដល់អាយុជីវិតនៃសាលាក្ដី៖ បញ្ហា «អស់លុយ» និងអត់លុយ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
គម្រោងថវិកាឆ្នាំ២០១៣ នៅមិនទាន់បានបោះឆ្នោតអនុម័ត្រ ដោយប្រទេសម្ចាស់ជំនួយនៅឡើយ ជាហេតុត្រូវបង្ខំ អោយ ប្រទេសកម្ពុជាខ្លួនឯង ខំប្រឹងប្រែងឡើងថែមទៀត មុននឹងអាចអោយមានការចូលរួម ពីប្រទេសទាំងនោះ។
បុគ្គលិកជាជនជាតិបរទេស ត្រូវបានគេធានាជាផ្លូវការ រហូតដល់រដូវក្ដៅឆ្នាំនេះ។ ដោយឡែក តាំងពីថ្ងៃទី០១មករាមក មានបុគ្គលិកជនជាតិកម្ពុជា ប្រមាណជា ២៧០នាក់ ដែលធ្វើការដោយកិច្ចសន្យាច្បាស់លាស់ ដោយហេតុពួកគេមិនមាន ប្រាក់ខែ តាំងពីខែវិច្ឆិកាឆ្នាំ២០១២មកម្លេះ។
សាលាក្ដីត្រូវស្វែងរកថវិកា ចំនួនប្រមាណជា ៩,៥លានដុល្លាទៀត។ តែចំនួនទឹកប្រាក់នេះ មើលទៅដូចជាតិចតួច តែវា ជាចំនួនមួយយ៉ាងច្រើនសន្ធឹកសន្ធាប់ បើគេបៀបធៀបពីចំណងទាក់ទងមិនត្រង់ រវាងប្រទេសម្ចាស់ជំនួយ និងរដ្ឋាភិបាល ក្រុងភ្នំពេញ ដែលជារឿយៗ រងនូវការចោទប្រកាន់ថា ធ្វើមិនដឹងមិនលឺពីយុត្តិធម៌ពិតប្រាកដ ដែលតុលាការនេះ ត្រូវស្វែងរកមកអោយ ជនរងគ្រោះកម្ពុជាជាងពីរលាននាក់ នៅចន្លោះពីឆ្នាំ១៩៧៥ មក១៩៧៩នោះ។
អ្នកការទូតបរទេសម្នាក់ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានធ្លោយប្រាប់អ្នកសារព័ត៌មានថា «មានការហត់អស់កម្លាំង ពីសំណាក់ប្រទេសអ្នកផ្ដល់ជំនួយ ដែលតែងតែពុះពារផ្ដល់ថវិកា មកអោយសាលាក្ដីកូនកាត់នេះ។ ប្រទេសទាំងនោះ មានអារម្មណ៍ថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើសកម្មភាព អោយគ្រប់គ្រាន់ទៅលើកិច្ចការនេះ។ ឥឡូវ ដូចជាគ្មាននរណាម្នាក់មានប្រាក់ ដើម្បីយកមកធ្វើការចំណោយនោះទេ។»
ប្រភពខ្លះទៀត បានលើកពីបញ្ហានេះ ដោយសារតែការមិនចុះសម្រុងគ្នា រវាងក្រុមអ្នកឧបត្ថម្ភទាំងនោះ ជាមួយនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតទាហ៊ានខ្មែរក្រហមម្នាក់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ១៩៨៥មកនោះ។ «នៅក្នុងសាលាក្ដី មានរថយន្ដពីរដែលបើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនជាទីបំផុត ដើម្បីមើលអោយឃើញថា អ្នកណាគេច និងបញ្ជៀសគ្រោះថ្នាក់» នេះជាសម្ដីលេងសើច របស់មន្ត្រីជនជាតិបរទេសម្នាក់ ធ្វើការនៅក្នុងសាលាក្ដីនេះ។
បើកអោយដំណើរការតាំងពីឆ្នាំ២០០៦ បន្ទាប់ពីសម័យកាលខ្មែរក្រហម បានផុតរលត់តាំងពីឆ្នាំ១៩៧៩មកនោះ សាលាក្ដីបានខិតខំជូតលាងដុសខាត់ចោល នូវរាល់ការរិះគន់ទាំងឡាយ ក្នុងនោះមាន អំពើរពុករលួយ គម្នាបនយោបាយ និងដំណោះស្រាយក្ដី មានភាពយឺតយ៉ាវ ដែលរហូតធ្វើអោយមានព្រួយបារម្ភ ថាជនជាប់ចោទទាំងបីចុងក្រោយ អាចនឹងស្លាប់នៅមុន យុត្តិធម៌ត្រូវបានរកឃើញ។
សាលាក្ដីបានចំណាយរហូតមកទល់ពេលនេះ ប្រមាណជា ១៧៩ដុល្លាអាមេរិក ហើយសម្រេចចេញសាលក្រមបានតែមួយគត់។ បើប្រៀបធៀបទៅនឹង តុលាការអន្តរជាតិ នៅក្នុងប្រទេសរ្វាន់ដា ដែលប្រើថវិកាតែ ១៧២លានដុល្លាប៉ុណ្ណោះនោះ តុលាកានេះបានសម្រេចចេញបាន ប្រមាណជា៥៥សាលក្រម តាំងពីពេលកកើតក្នុងឆ្នាំ១៩៩៤៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ