ចូលឆ្នាំចិន៖ មានគ្រូ តែអត់សិស្ស មន្ទីរក្រសួងបើកទ្វា តែក្មានមន្ត្រីរាជការ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពិធីចូលឆ្នាំចិនវៀតណាម ដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះ តែគេបែរជាសង្កេតឃើញ ចរន្ដ«នាំគ្នាឈប់សម្រាក»មិនមករៀន ឬមកធ្វើការ ទាំងមិនមានច្បាប់អនុញាតិ មានទំហំកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំគួឲ្យកត់សំគាល់ និងគួរឲ្យព្រួយបារម្ភ។
ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ។ AP Photot/ Heng Sinith។
ចាប់ពីថ្ងៃសែន ក្នុងឆ្នាំនេះត្រូវនឹងថ្ងៃសៅរ៍ ទី៩កុម្ភៈ មានរយៈពេលបីថ្ងៃ។ ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំនេះ ស្ទើតែគ្រប់ផ្ទះទាំងអស់ នៅតាមទីប្រជុំជន ទីក្រុងនានា និងរាជធានីភ្នំពេញ ប្រជាជន«ខ្មែរខ្សែរចិន» ប្រជាជនខ្មែរ«កាត់វៀតណាម» ប្រជាជនចិន និងប្រជាជនវៀតណាម នាំគ្នាសែនព្រេន កុងម៉ាយ៉ាងគគ្រឹកគគ្រេង ដែលគ្រួសារទាំងអស់នោះកាលពី១០ ឬ២០ឆ្នាំមុន មិនធ្លាប់បានធ្វើយ៉ាងដូច្នេះទេ។
កាលពីព្រឹកដែលជាថ្ងៃចូលឆ្នាំចិន គេសង្គេតឃើញថា ក្រុមហ៊ុន ហាងទំនិញត្រូវបានបិទទ្វារ។ រីឯសាលារៀនមួយចំនួនធំ ក៏ដូចជាវិទ្យាល័យរដ្ឋនានា ហាក់បីដូចជាស្ងប់ស្ងាត់ តែបើយើងក្រឡេកមើល នៅខាងមុខនៃច្រកចូលសាលាវិញ មានសិស្ស ឬនិស្សិតទាំងស្រីទាំងប្រុស កំពុងឈររេរាក្នុងការសម្រេចចិត្តថា«តើគួរតែចូលរៀន ឬយ៉ាងណា»។
មានគ្រូតែគ្មានសិស្សសិក្សា បើកទ្វាមន្ទីរសា្ថប័ន តែគ្មានមន្ត្រីរាជការ និងមានទីផ្សារ តែគ្នានអាជីវករលក់ដូរ។ ទាក់ទងនឹងបញ្ហានេះ លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានបញ្ជាក់ថា ទាំងនេះជាសង្គមបរិយាកាសនៃប្រទេស ដែលមានជនជាតិ និងអរិយធម៌ នៃទំនៀមទំលាប់របស់ចិន ចូលជ្រាលជ្រៅ។ លោកបន្តថា វាមិនមានការខាងបង់ នូវប្រយោជន៍អ្វីធ្ងន់ធ្ងរទេ ព្រោះថា វាស្ថិតនៅលើជំនឿ។ លោកលើកឡើងថា «យើងមិនអាចយកដៅ ទៅទប់អ្វីមួយដែលជាជំនឿរបស់ប្រជាជនបានទេ (...) វាមានអាយុវែងឬជំនឿខ្លាំងក្លា អាស្រ័យលើអ្នកជឿ។ បើកាលណាជំនឿនៅតែមាន នោះនិរន្តភាពនៅតែមាន។ តែបើប្រជាជនបាត់បង់ជំនឿ នោះវានឹងបាត់បង់ទៅដោយឯកឯង។»
សំរាប់លោក លោក លឹម សុគន្ធា នាយកសាលាអនុវត្តរាជធានី បានមានចំណាប់អារម្មណ៍ថា នេះជាទំនៀមទំលាប់ ប្រពៃណីពីដូនតារបស់ពួកគាត់ ខាងសាលាមិនអាចធ្វើការហាមឃាត់ ឬបិទសេរីភាពក្នុងលក្ខខ័ណ្ឌដាច់ខាតនោះទេ។ អ្នកគ្រូបន្ទុកថ្នាក់ម្នាក់ទៀត នៃសាលាអនុវត្តរាជធានីដដែល ក៏បាននិយាយដូចគ្នាដែរថា វាក្លាយជាទម្លាប់ទៅហើយ ដែលនៅពេលចូលឆ្នាំចិន ម្តងៗ សិស្សស្ទើរតែទាំងអស់មិនបានមករៀន។ «បុណ្យនេះនឹងក្លាយជាបុណ្យមួយ ដែលគេទទួលស្គាល់ជាផ្លូវការ»។
រីឯកញ្ញាម្នាក់ មកពីសាលាភាសាភ្នំពេញ ដែលមានខ្សែរកាត់ចិនដែរនោះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ កញ្ញាបាននិយាយប្រាប់មនោរម្យព័ងអាំងហ្វូថា តាមបទពិសោធន៍ដែលកញ្ញាបានរៀនកន្លងមក ដំបូងឡើយមិនមែនសិស្សមិនទៅរៀនទេ គឺសាលា«មិនចង់បង្រៀន»។ កញ្ញាមិនប្រាកដថា មានហេតុផលយ៉ាងណានោះទេ អាចមានសាលាភាគច្រើន រួមទាំងសាលាកញ្ញាផងដែរ ឲ្យតែដល់ថ្ងៃចូលឆ្នាំចិនម្តងៗ ចំពេលដែលប្រលងចប់ត្រូវឈប់សំរាក ឬឈប់ដើម្បីកែវិញ្ញាសារ ឬក៏ឈប់ដើម្បីត្រៀមប្រលងជាដើម។
មន្ទីស្ថាប័ន គាំងលែងមានដំណើរការ?
ជារៀងរាល់ឆ្នាំ បើទោះបីជាបុណ្យចូលឆ្នាំចិន និងវៀតណាមប្រារព្ធធ្វើឡើង ចំថ្ងៃធ្វើការរបស់រដ្ឋក៏ដោយ ក៏មន្រ្តីរាជការមួយចំនួនធំ មិនទៅធ្វើការដែរ។ មន្ទីរ ក្រសួង ស្ថាប័នរដ្ឋ បានបើកទ្វារធ្វើការជាធម្មតា តែគ្មានមន្ត្រីរាជការណាមកទេ គាប់ជួនឆ្នាំនេះ ថ្ងៃចូលឆ្នាំចិនវៀតណាម ប៉ះចំថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់សំរាកផងទៀត។ លោកថៃ នរសត្យា បន្តថា នេះជាគោលការណ៍សិទ្ធិមនុស្ស សិទ្ធិរស់នៅ សិទ្ធិប្រកបមុខរបរ សិទ្ធិលើជំនឿសាសនា គេគ្រាប់តែឈប់ដើម្បីចូលរួមសប្បាយ ក្នុងពិធីដែលគេធ្លាប់គោរពរ បើសិនជាគ្រូ នាយកសាលាដាក់វិន័យ ឬស្តីបន្ទោស គេក៏សុខចិត្តទទួល។ លោកថា រដ្ឋាភិបាលគោរព និងអបអរសាទរ តែមិនបានអនុញាតិឲ្យឈប់ទេ។ «បើគ្រូទៅបង្រៀន ហើយមិនមានសិស្សនោះ បង្រៀនមិនបាន តែបើទៅរៀនអត់មានគ្រូ ក៏រៀនមិនកើតដែរ»។
ករណីនេះ លោក លឹម សុគន្ធា បានប្រាប់ថា ចំពោះសាលាលោកផ្ទាល់ មិនមានការអនុញាតិ ទាំងគ្រួ ទាំងសិស្ស ឲ្យឈប់នោះទេ តែរាល់ឆ្នាំដល់ពេលចូលឆ្នាំចិន និងវៀតណាម មានសិស្សកមរៀនបានតែសាមសិបភាគរយប៉ុណ្ណោះ ចំណែកគ្រូមកស្ទើរគ្រប់គ្នា។ លោកបញ្ជាក់ថា ក្នុងថ្ងៃនេះខាងមន្ទីរមិនអនុញាតិឲ្យ សាលា ឬគ្រូ កំណត់យកពិន្ទុ ឬដាក់កំហិតដល់សិស្សនោះទេ។
ក្រុមអ្នកវិភាគ បានបង្ហាញក្តីព្រួយបារម្ភ ពីឥទ្ធិពលវប្បធម៌ចិន និងវៀតណាមនៅក្នុងប្រទេសកម្ពុជា។ ការឈប់នេះអាចជា ទង្វើអាក្រក់មួយ ហើយក្លាយជាទម្លាប់ ទម្លាប់នេះនឹងក្លាយជាប្រពៃណី។ ពេលទម្លាប់ក្លាយទៅជាប្រពៃណី រដ្ឋាភិបាលនឹងពិបាកដោះស្រាយលើបញ្ហានេះណាស់។ លោកថៃ នរសត្យា បានបញ្ជាក់យ៉ាងមាំថា ពិធីចូលឆ្នាំចិននេះ មានតែក្នុងជំនឿរបស់អ្នក ដែលមានខ្សែរស្រឡាយចិន តែប៉ុន្មានភាគរយប៉ុណ្ណោះ ហើយលោកមិនមានសង្ឃឹមថា នឹងអាចចាត់ចូលក្នុង «អនុក្រិត្យឈប់សំរាកប្រចាំឆ្នាំ» ចេញដោយរាជរដ្ឋាភិបាលនោះបានទេ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ