ឃាតកម្ម៖ ទេសចរណ៍ស្ត្រីបារាំងម្នាក់ ត្រូវបានសម្លាប់នៅកំពត
ស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ ដែលបានទៅសម្រាកវិស្សមកាលនៅប្រទេសកម្ពុជា ត្រូវបានគេរកឃើញស្លាប់ នៅក្នុងស្ទឹងមួយក្នុងផ្នែកនារតីនៃប្រទេស។ អាជ្ញាធរមានសមត្ថកិច្ច បានប្រកាសប្រាប់អ្នកកាសែត ពីការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ។
ស្ទឹងកំពត។ MONOROOM.info photo/ D.KEO
ហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពត នៅជាប់នឹងតំបន់ឆ្នេរសមុទ្រ។ វាជាកន្លែងមួយដែលជាធម្មតា អ្នកទេសចរណ៍បរទេសភាគច្រើន ដែលមកទស្សនាកម្ពុជា តែងតែទៅលេងកំសាន្ដ។
ជនរងគ្រោះជាស្ត្រីវ័យក្មេងមួយរូប អាយុ២៥ឆ្នាំ ត្រូវបានរកឃើញស្លាប់ រាងកាយអាក្រាត ដោយមានស្នាមរបួសនៅនឹងក្បាល និងនៅដៃទាំងគូរ។ នាយរងនរគបាលខេត្តកំពត លោក អិន ជីវា បាននិយាយបញ្ជាក់ថា «យើងសន្និដ្ឋានថា ជាសំនុំរឿងឃាតកម្ម» ដោយសារតែសា្នមរបួស ដ៏សំខាន់នៅត្រង់ក្បាល ដែលទំនងជាបានទទួល នូវការវាយប្រហារ នឹងអាវុធមុតស្រួចណាមួយ។
មកកម្ពុជាដើម្បី ស្វែងយល់ពីវប្បធម៌ខ្មែរ...
ទេសចរណ៍បារាំងនេះ ជាសិល្បការនីមួយរូប ឈ្មោះ អូហ្វេលី (Ophélie) មកពីក្រុមល្ខោនប្រឺមីញ៉េ អាតថ៍ (Premier Acte) ដែលមានទីតាំង ស្ថិតនៅជាយក្រុងនៃទីក្រុងលីយ៉ុង (Lyon) ផ្នែកខាងត្បូងនៃប្រទេសបារាំង។ ឃាតកម្មដ៏រន្ធត់ ដែលបានធ្វើទៅលើ អ្នករួមក្រុមរបស់ខ្លួន បានធ្វើអោយក្រុមល្ខោនទាំងមូល រងនូវភាពតក់ស្លុត ហើយបានលើកជាសំនួរ មកចោទឡើងជាច្រើន។ របាយការណ៍មួយ របស់កាសែតបារាំង «មេត្រូ» បានលើកយកសម្ដី របស់អ្នកដឹកនាំល្ខោនប្រចាំក្រុម លោក សាគីស ឈឹមឡេកដ្យន់ (Sarkis Tcheumlekdjian) មកបញ្ជាក់ថា អូហ្វេលី នៅក្នុងក្រុមល្ខោនតាំងពីប្រាំឆ្នាំមកហើយ។ ថ្មីៗនេះ លោកថែមទាំងបានប្រគល់ទៅអោយនាង អោយដើតួរសំខាន់ជាងគេ នៅក្នុងល្ខោនរបស់លោកថែមទៀតផង។
«ជានិច្ចជាកាល អូហ្វេលី ជាស្ត្រីវិជ្ជមាន ចាប់អ្វីមួយពិតប្រាកដ និងជានារីម្នាក់ ដែលភ្លឺថ្លា» លោក សាគីស បានបន្ថែមយ៉ាងដូច្នេះ។ ក្រុមលោក និងរូបលោកផ្ទាល់ មិនយល់ថាតើមានរឿងហេតុភេទអ្វី បានកើតឡើងចំពោះ អ្នកសម្ដែងរួមក្រុមរបស់ខ្លួននៅប្រទេសកម្ពុជានោះទេ។ អ្នកដឹកនាំល្ខោនរូបនេះ គ្រាន់តែនិយាយថា «នាងធ្វើដំណើរទៅកាន់ទីនោះ ដើម្បីស្វែងយល់អោយកាន់តែច្បាស់ ពីល្ខោនអាស៊ី»។
កាលពីរសៀលថ្ងៃសៅរ៍ ទី០៩ខែកុម្ភះកន្លងមក អូហ្វេលី ត្រូវបានគេឃើញជាចុងក្រោយ ថាបានចាកចេញពីផ្ទះសំណាក់ ដែលនាងស្នាក់នៅ នៅកំពត ដោយជិះកង់ទៅជាមួយ។ ដោយឡែក ស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ បាននិយាយថា «ការស៊ើបអង្កេតកំពុងតែប្រព្រឹត្តិទៅ ដើម្បីកំណត់អោយបានច្បាស់ ពីមូលហេតុពិតប្រាកដ នៃការស្លាប់នេះ។ តែបើតាមការសង្កេតជាជំហានដំបូង ឃាតកម្ម វាជាការជាប់ទាក់ទង ដ៏គួរអោយសង្ស័យជាងគេ៕»
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ