រ៉ូណា ស្ម៊ីត ប្តេជ្ញា​ឈឺ​ឆ្អាល​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​កម្ពុជា

តាមរបាយការណ៍ ដែលផ្តល់ដោយអតីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ប្រាសាទ សុរិយាស៊ូប៊ែរឌី និងក្រោយពីបញ្ចប់ កិច្ចបំពេញបេសកកម្ម ចំនួន​៩ថ្ងៃ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានបង្ហាញការតាំងចិត្តថា នឹងតាមដានករណី ផ្តល់​«ដី​សម្បទាន​សេដ្ឋកិច្ច»​នៅ​កម្ពុជា ដោយ​យក​ចិត្ត​ទុក​ដាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 29, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នករាយការណ៍ពិសេស នាពេលបច្ចុប្បន្ន របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា អ្នក​ស្រី រ៉ូណា ស្ម៊ីត បានលើកឡើងថា «ខ្ញុំយល់ស្របទាំងស្រុង នឹងអនុសាសន៍នានា ដែលអ្នក​រាយការណ៍​ពិសេស​មុនៗ (បុព្វាធិការី) របស់ខ្ញុំ បានផ្តល់ឲ្យ។ និងសូមលើកទឹកចិត្ត ដល់ការបន្តត្រួតពិនិត្យលើ “សម្បទានដី” រាប់​ទាំង​ការ​លុប​ចោល និងការបែងចែកដី ជូនប្រជាពលរដ្ឋវិញ តាមការសមស្រប។»

ដោយឈរលើគោលការណ៍ នៃការបំពេញតួនាទី និងការងារ តាមរយៈ ការតាមដានពិនិត្យ ការផ្តល់យោបល់ និង​ការធ្វើរបាយការណ៍ ស្តីពីស្ថានភាពទូទៅ នៃសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត បានអះអាងថា អ្នកស្រី​​នឹង​តាមដានករណីទាំងឡាយ ដែលទាក់ទងនឹងការផ្តល់ដី សម្បទានសេដ្ឋកិច្ច ដោយរដ្ឋាភិបាល ទៅឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ដែលអាចនឹងប៉ះពាល់ ដល់សិទ្ធិនៃការរស់នៅ របស់ប្រជាពលរដ្ឋជាពិសេស។

អ្នកស្រីបានបង្ហាញ ការមើលឃើញរបស់ខ្លូន មុនអ្នកស្រី ក្លាយជាអ្នករាយការណ៍ពិសេសរបស់ UN នៅ​កម្ពុជា​នេះថា ការ«ស្វែងរកយុត្តិធម៌» ពីសំណាក់ប្រជាពលរដ្ឋរងគ្រោះ​នៅកម្ពុជា ភាគច្រើនកើតចេញពីបញ្ហាដីធ្លី និង​ការបណ្តេញចេញដោយបង្ខំ។ យ៉ាងណាក៏ដោយ អ្នកស្រីបានទទួលស្គាល់ ជុំវិញបញ្ហាខាងលើថា បច្ចុប្បន្ន​នេះ​ហាក់មានភាពប្រសើរជាងមុន ដោយមានដំណោះស្រាយល្អ និងការផ្តល់នូវប័ណ្ណកម្មសិទ្ធិដីធ្លី ជាហូរហែរ។ អ្នកស្រី​បានថ្លែងឲ្យដឹងថា៖ «ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការដោះស្រាយបញ្ហាស្មុគ្រស្មាញ នៃ “ដី​សម្បទាន” ដែលបានផ្តល់ កាលពីពេលកន្លងមកនេះ កំពុងបង្ហាញឲ្យឃើញ លទ្ធផលជោគជ័យមួយ​កម្រិត​ហើយ»។

ថ្មីៗនេះ រដ្ឋាភិបាល បានសម្រេចកាត់បន្ថយ រយៈពេលវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ពី៧០ឆ្នាំ ឬ៩០ឆ្នាំ មក​ត្រឹម៥០ឆ្នាំទាំងអស់។ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តី​ប្រកាស ផ្អាកជាបន្ទាន់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវ ឲ្យពិនិត្យ​មើល​ឡើងវិញ នូវដីសម្បទានដែលមានស្រាប់ទាំងអស់។

ជុំវិញបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មាន ការបញ្ជាក់ណាមួយ ពី​អ្នក​នាំ​ពាក្យ ឬខុទ្ទកាល័យ នៃក្រសួងបរិស្ថាននៅឡើយ។ តែតាមព័ត៌មាន ដែលទទួលបានពីមន្រ្តី នៃក្រសួងកសិកម្ម​ម្នាក់ បានអះអាងថា នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនប្រមាណជាង១២០ ដែលគ្រប់គ្រងលើផ្ទៃដីសរុប ជាង​មួយ​លានហិកតា ហើយទទួលការអនុញ្ញាត និងបានចុះកិច្ចសន្យា ជាមួយរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ និង​វិនិយោគ​នៅ​កម្ពុជា។

សម្រាប់លោក អ៊ាង សុផាល្លែត អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់វិញ ធ្លាប់បានបញ្ជាក់ ជាមួយ​ការសែត​ក្នុងស្រុកមួយថា៖ «គិតត្រឹមថ្ងៃទី៥ ខែសីហា ក្រុមហ៊ុនចំនួន៧៧ ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម​ត្រូវបាន​ត្រួតពិនិត្យ និងវាយតម្លៃ។ ក្នុងនោះមានក្រុមហ៊ុនចំនួន១០ ត្រូវបានដកហូត, ក្រុមហ៊ុន៦ ត្រូវបានឲ្យ​សម្រួល​ផ្ទៃ​ដី, ក្រុមហ៊ុន៥៤ ត្រូវបានអនុញ្ញាតឲ្យបន្តនីតិវិធី និងក្រុមហ៊ុន៧ ត្រូវបានទុកពេលឲ្យពី៦ខែ ទៅ១ឆ្នាំ ដើម្បី​បន្ត​នីតិវិធី។»

គោលការណ៍របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ រយៈពេលអនុវត្ត នៃគម្រោង វិនិយោគអភិវឌ្ឍន៍ ដីសម្បទាន សេដ្ឋកិច្ចទាំងអស់ មកនៅត្រឹមយូបំផុត៥០ឆ្នាំនេះ ត្រូវបានគណបក្សថ្មីឈ្មោះ «ប្រជាធិបតេយ្យមូលដ្ឋាន» សម្ដែង​ការស្វាគមន៍។ ក្នុងសេចក្តីថ្លែងការណ៍មួយ របស់គណបក្សនេះ បានផ្តល់នូវអនុសាសន៍ចំនួនបី ដើម្បី​ចូលរួមក្នុងការកាត់បន្ថយ ផលប៉ះពាល់ជា “អវិជ្ជមាន នៃគម្រោងដីសម្បទានសេដ្ឋកិច្ច”។ អនុសាសន៍ទាំង​បី​នោះ រួមមាន៖ ដីសម្បទានសេដ្ឋកិច្ច ទីមួយ គម្បីបន្ថយ មកនៅត្រឹម៥០០០ហិកតា - ទីពីរ ឲ្យសម្បទាននិករក្សា១០% ដីសម្បទានសេដ្ឋកិច្ច ទុកជាដីព្រៃធម្មជាតិ ឬដាំព្រៃឡើងវិញ សម្រាប់ជារបាំងខ្យល់ជាដើម - និងទីបី ពង្រឹង​ការ​តាមដាន និងវាយតម្លៃ លើគ្រប់ដីសម្បទានសេដ្ឋកិច្ចទាំងអស់៕


» សន្និសីទសារព័ត៌មានទាំងស្រុង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...