«សង់​ផ្ទះ​ប្រក់​ក្បឿង ចេញ​ពី​បាត​ដៃ​ទទេ» អាច​ទៅ​រួច​ឬ​ទេ?

យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានសាងសង់កូនផ្ទះមួយ ដែលមានប្រក់ក្បឿង​ធ្វើអំពីដីឥដ្ឋ ដោយ​មាន​ត្រឹម​តែ​បាត​ដៃ​ទទេ​ប៉ុណ្ណោះ។
យុវជនបានប្រើរយៈពេល ១០២ថ្ងៃ ដើម្បីសាងសង់ផ្ទះប្រក់ក្បឿងមួយនេះ ចេញពីបាតដៃទទេ។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១១ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 13, 2015
  • ប្រធានបទ: សំណង់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសម័យកំព្យូទ័រដ៏ទំនើបនេះ តើគេអាចមានលទ្ធភាពសាងសង់លំនៅដ្ឋាន ជាមួយនឹងតែបាតដៃទទេ បាន​ឬទេ? គ្មានពូថៅ គ្មានកាំបិត... គ្មានអ្វីទាំងអស់ មានតែធម្មជាតិនៅជុំវិញ តើអាចសាងសង់ ជម្រកមួយ​សមរម្យ សម្រាប់ស្នាក់អាស្រ័យបានឬទេ? យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានបង្ហាញថាទោះ​ជាស្ថិត​ក្នុង​ស្ថានភាព​បែបណាក៏ដោយ ក៏មនុស្សនៅតែមានលទ្ធភាព អាចធ្វើការឆ្នៃប្រឌិត បង្កើតជាគេហដ្ឋានមួយ ដើម្បី​បញ្ជៀស​ខ្លួន ពីភាពហាលក្ដៅហាលភ្លៀង និងអាចមានកម្ដៅ ជួយបង្កើតភាពកក់ក្ដៅ នៅពេលធាតុអាកាស ចុះត្រជាក់​នោះទៀត។

នៅកណ្ដាលព្រៃ គ្វីនស្លេន (Queensland) នៃកោះអូស្ត្រាលី យុវជនម្នាក់នេះ បានសង់កូនផ្ទះនេះ​ឡើងជាថ្មី​ទៀត ដោយប្រើពេលជាង៣ខែ បន្ទាប់ពីខ្លួនបានសង់​កូនផ្ទះជាច្រើន លើកមុនៗ ដែលធ្វើឡើងត្រឹមតែ ពី​ស្លឹក​ឬពីចំបើងប៉ុណ្ណោះ។ ចេញពីបាតដៃទទេ យុវជនបានយកដុំថ្មមកធ្វើជាពូថៅ ហើយបានកាប់ឈើជាច្រើន​កំណាត់ ដើម្បីរៀបជាគ្រោងផ្ទះឡើង។ បន្ទាប់មក យុវជនបានបង្កើតចង្ក្រានមួយ សម្រាប់ដុតបន្ទះដីឥដ្ឋ​ជា​ច្រើន ដែលបានក្លាយជាក្បឿង សម្រាប់យកទៅប្រក់ជាដំបូលផ្ទះ។

ខាងក្រោមនេះ ជាតួលេខសំខាន់ៗមួយចំនួន ដើម្បីសង់ផ្ទះនេះ ដែលកើតឡើងពីបាតដៃទទេ៖

  • ១០ថ្ងៃ ដើម្បីកាប់ឈើ មកលើកជាគ្រោងផ្ទះឡើង (សសរ ធ្នឹម និងគ្រោងដំបូល)
  • ៥ថ្ងៃ ដើម្បីធ្វើចង្ក្រាន និងពុម្ភក្បឿង
  • ២៨ថ្ងៃ ដើម្បីធ្វើក្បឿង ប្រមាណជា៤៥០សន្លឹក
  • ១៣ថ្ងៃ ដើម្បីសង់ចង្ក្រានដុតកម្ដៅកម្រាល និងសង់ជញ្ជាំង ធ្វើពីដីឥដ្ឋ
  • ​​​​​​​​

  • ១០ថ្ងៃ ដើម្បីសំអាតផ្ទះ និងរៀបចំតំបន់ជុំវិញ
  • ៣៦ថ្ងៃ ជាថ្ងៃដែលមានភ្លៀង បង្កការរំខានដល់សំណង់ផ្ទះ ធ្វើពីដីឥដ្ឋ និងបានធ្វើឲ្យរយៈពេល​សាង​សង់ ត្រូវប្រើពេលសរុប ដល់ទៅ ១០២ថ្ងៃ។

ម្ចាស់វីដេអូ ដែលដាក់ឈ្មោះ «Primitive Technology» នៅលើយូធូប បានបញ្ជាក់ថា យុវជនជាតិអូស្ត្រាលី​ខ្លួន​ឯង មិនមែនជាមនុស្ស ដែលរស់នៅក្នុងព្រៃនោះទេ ប៉ុន្តែការសាងសង់កូនផ្ទះ ចេញពីបាតដៃ និងកម្លាំង​ផ្ទាល់ខ្លួននេះ ជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន របស់យុវជន។ តែសម្រាប់ក្រសែរភ្នែក របស់អ្នកទស្សនាវិញ ជារឿងគួរឲ្យអស្ចារ្យណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...