តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?
ថូម គ្រូស ត្រូវគេមើលឃើញថា បានបណ្ដើរនារីសក់ទង់ដែងក្រម៉ៅម្នាក់ កាលពីចុងខែធ្នូឆ្នាំមុន។ តើជាពន្លកនៃស្នេហាថ្មីមួយទៀត ឬគ្រាន់តែជាមិត្តភាពដែលទើបនឹងកើត ? ពិបាកនឹងឆ្លើយបន្តិច ព្រោះអ្នកទាំងពីរ ដូចជាខំប្រឹងលាក់ខ្លួនពួនអាត្មា យ៉ាងស្ងាត់ស្ងៀម គេចពីអ្នកកាសែត។
នាងកញ្ញា ស៊ីនទីចា ជហ្ស និងតារាភាពយន្ដ ថម គ្រូស ក្នុងរូបភាពកាត់ត។
៦ខែបន្ទាប់ពីបានលែងលះជាមួយនឹង នាងខេទី ហូលម៉េស (Katie Holmes) តារាភាពយន្តលោក ថូម គ្រូស (Tom Cruise) ទំនងជារកឃើញគូរស្នេហ៍ជាថ្មីទៀត ទេដឹង? នេះជាការដឹងរបស់ទស្សនាវដ្ដី អ៊ីនថាឆ៍ (In Touch) ដែលថាតារាភាពយន្ដអាយុ៥០ឆ្នាំរូបនេះ ដែលកំពុងសម្ដែងនៅក្នុងភាពយន្ដរឿង «Jack Reacher» បានបាក់ចិត្តទៅលើស្ត្រីរូបស្អាតម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយក្នុងទីក្រុងញ៉ូយក។ ការជួបគ្នាជាលើកទីមួយ របស់ពួកគេ បានកើតឡើង នៅថ្ងៃទី១៦ធ្នូ កន្លងទៅនេះ។
ខណៈពេលបានចូល ទៅស្រស់ស្រូបអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋានមួយឈ្មោះហៅថា ប៊ីយ៉ូធី អេន អេសសេក (Beauty & Essex)នោះ តារាភាពយន្ដដ៏ល្បី បានលង់បាត់ព្រលឹង នៅចំពោះសម្រស់និងការទាក់ទាញ របស់នាងកញ្ញា ស៊ីនទីចា ជហ្ស (Cynthia Jorge) ដែលមានអាយុទើបតែ ២៦ឆ្នាំ។ សាក្សីម្នាក់ ដែលបានឃើញព្រឹត្តិការណ៍នោះ បានថ្លែងប្រាប់ទស្សនាវដ្ដីអាមេរិកាំងនេះថា «ថម គ្រូស ត្រូវបានអន្ទងដោយ នាងស៊ីនទីចា។ នាងមានសក់ពណ៌ទង់ដែងភ្លឺ ហើយអ៊ុតដាក់ភ្លីយ៉ាងស្អាតពិសេស ហើយស្លៀកខោពណ៌ខ្មៅ ដែលមើលទៅអស្ចារ្យណាស់»។
នារីវ័យក្មេង ទំនងជាបានហុច នាមប័ណ្ណរបស់ខ្លួន ទៅអោយតារាភាពយន្ត នៅនឹងមុខអ្នករួមការងារជាច្រើននាក់ទៀត។ ជាកាយវិការដាស់កម្ដៅអារម្មណ៍មួយ ដែលមើលទៅដូចជាបានទទួលផ្លែផ្កាភ្លាមៗ ព្រោះស្អែកឡើង ថម គ្រូស បានហៅទូរស័ព្ទចូលទៅភោជនីយដ្ឋាននោះ ដល់ទៅពីរដង ដើម្បីជជែកជាមួយនាងស៊ីនទីចា។ តែនាងស៊ីនទីចា ក្នុងថ្ងៃនោះជាប់រវល់ដកខ្លួនមិនបាន មិនបានឆ្លើយតបទៅតារាភាពយន្ដដោយផ្ទាល់ទេ តែបានអោយតារាភាពយន្ដ ទុកសារជាសម្លេង អោយនាង។
មិត្តភ័ក្រធម្មតា ឬមានអីៗ ច្រើនជាងនេះ?
២៤ម៉ោងក្រោយមក អ្នកទាំងពីរត្រូវបានគេឃើញ នៅជាមួយគ្នា នៅក្នុងរង្គសាលរាត្រីមួយ ឈ្មោះ ឡឺ បារន (Le Baron) ស្ថិតនៅក្នុងសង្កាត់ចិន នៃទីក្រុង។ អ្នកមានវត្តមានក្នុង រង្គសាលនោះម្នាក់ បានរំលឹកពីគ្រានោះមកវិញ យ៉ាងដូច្នេះថា «គេទាំងពីរាំរបាំ ឡា សាលសា។ ថម គ្រូស បានដាក់ ស៊ីនទីចា នៅក្នុងដៃរបស់គាត់ ហើយវាតទីយកទីរាំ តែគាត់ពីរនាក់។ តារាភាពយន្តនេះ ចេះរាំយ៉ាងស្ទាត់ជំនាញ។ បន្ទាប់មករឿងអ្វីៗទៀត មើលទៅដូចជាហ៊ានក្លាណាស់។ ថម កំពុងស្ថិតនៅក្នុងពិភពរបស់គាត់មួយ យ៉ាងលន្លងលង្លោច នៅក្រោមសំណាញ់ស្នេហ៍របស់នារីស្អាតម្នាក់។» សាក្សីដដែលបានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ថមថែមទាំងបានត្រៀមរថយន្ដយ៉ាងពិសេសមួយ ដើម្បីជូនដំណើរម្ចាស់ក្សត្រីរបស់គាត់ ទៅផ្ទះវិញទៀតផង។
ទោះបីអ្នកខ្លះយល់ថា ស៊ីនទីចា ជហ្ស ប្រហែលជាអាចជំនួស ខេទី ហូលម៉េស នៅក្នុងបេះដូងរបស់ថម គ្រូសបាន តែសម្រាប់អ្នកផ្សេងទៀត អ្នកទាំងពីរនៅមិនទាន់ដល់ថ្នាក់នេះនៅឡើយ។ អ្នកជិតស្និតនឹង ស៊ីនទីចា បាននិយាយប្រាប់ ទស្សនាវដ្ដី ភីផល (People) ថា «(...) ពួកគេគ្រាន់តែចេញទៅគោះកែវ ហើយមិនមានអ្វីអោយលើសពីលើនឹងទេ។ ស៊ីនទីចា បាននិយាយប្រាប់ខ្ញុំថា ថម ជាសុភាពបុរសចិត្តបានម្នាក់។»
យើងនឹងនៅតែចាំមើល ថាតើថម គ្រូស នឹងសម្រេចចិត្តយកនរណា មកជា«ម្ដាយក្រោយ» នៃកូនទាំងបី របស់គាត់នោះ៕
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ