ជន​ដើម្បី​បុព្វហេតុ​មនុស្សធម៌​នៅ​កម្ពុជា​មួយ​រូប បាន​លា​ចាក​លោក

លោកបានមកដល់កម្ពុជាដំបូង នៅឆ្នាំ១៩៨៩ សម្រាប់បេសកកម្មរបស់ ក្រុមគ្រូពេទ្យពិភពលោក (MDM) ហើយលោកបានចាប់ផ្ដើម មានឈ្មោះបោះសម្លេងភ្លាមមួយរំពេច នៅក្នុងវិស័យមនុស្សធម៌នេះ។ «ជាមួយនឹងការជាប់រវល់ច្រើនឡើងៗ ក្នុងគម្រោងសុខាភិបាលជាច្រើន នៅតាមបណ្ដាខេត្តកម្ពុជា ដែលកាលនោះតែងត្រូវពួកខ្មែរក្រហម ចូលរំខានជារឿយៗ នៅឡើយនោះ លោកហ្សង់-ក្លូដ ប្រនឌី បានចូលរួមយ៉ាងច្រើន នៅក្នុងការស្ដាឡើងវិញ នៃវិស័យសុខភាពរបស់កម្ពុជា» នេះជាបញ្ជាក់ឡើងវិញ របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្លូដ ដុយមៀរហ្សីយ៉េ (Claude Dumurgier) អ្នកជំនាញវះកាត់មួយរូប នៅតាមមន្ទីពេទ្យ ក្នុងប្រទេសកម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 31, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ្សង់-ក្លូដ ប្រនឌី អតីតអ្នកសម្របសម្រួល អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា ក្រុមគ្រូពេទ្យពិភពលោក ប្រចាំ​នៅ​កម្ពុជា បានធ្វើមរណភាពហើយ នៅប្រទេសបារាំង ក្នុងអាយុ ៧៣ឆ្នាំរបស់លោក។


លោក ហ្សង់-ក្លូដ ប្រនឌី និងមជ្ឈមណ្ឌលបេះដូងនៅទីក្រុងភ្នំពេញ។

លោក ហ្សង់-ក្លូដ ប្រនឌី (Jean-Claude Prandi) បានបូជាជីវិតចុងក្រោយរបស់លោក សម្រាប់បុព្វហេតុសកម្មភាព​មនុស្សធម៌នៅកម្ពុជា។ អ្នកកាសែតបារាំងម្នាក់ឈ្មោះ អាណូ រ៉ូហ្ស៍ (Arnaud Roux) បានលើកយក ប្រវត្តិជីវិតចុងក្រោយ​របស់លោកនេះ មកពណ៌នាឡើងវិញ។

លោកបានមកដល់កម្ពុជាដំបូង នៅឆ្នាំ១៩៨៩ សម្រាប់បេសកកម្មរបស់ ក្រុមគ្រូពេទ្យពិភពលោក (MDM) ហើយលោក​បានចាប់ផ្ដើម មានឈ្មោះបោះសម្លេងភ្លាមមួយរំពេច នៅក្នុងវិស័យមនុស្សធម៌នេះ។ «ជាមួយនឹងការជាប់រវល់ច្រើនឡើងៗ ក្នុងគម្រោងសុខាភិបាលជាច្រើន នៅតាមបណ្ដាខេត្តកម្ពុជា ដែលកាលនោះតែងត្រូវពួកខ្មែរក្រហម ចូលរំខានជារឿយៗ នៅឡើយនោះ លោកហ្សង់-ក្លូដ ប្រនឌី បានចូលរួមយ៉ាងច្រើន នៅក្នុងការស្ដាឡើងវិញ នៃវិស័យសុខភាពរបស់កម្ពុជា» នេះជាបញ្ជាក់ឡើងវិញ របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្លូដ ដុយមៀរហ្សីយ៉េ (Claude Dumurgier) អ្នកជំនាញ​វះកាត់​មួយរូប នៅតាមមន្ទីពេទ្យ ក្នុងប្រទេសកម្ពុជា។

នៅទីក្រុងភ្នំពេញ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ លោកបានផ្ចង់អារម្មណ៍របស់លោក ប្រឹងប្រែងស្វែងរកការព្យាបាល អោយអ្នក​ដែលទីទ័លក្រ និងច្រើនត្រូវបានគេបំភ្លេចចោល។ លោកវេជ្ជបណ្ឌិត ពីច្យែ រ៉ឺហ្សី ម៉ាតាំង (Pierre-Régis Martin) ធ្វើការជា​មួយលោក តាំងពី១៩៩៥ បានរំលឹកពីគាត់ថា «គាត់តែងតែយកអាសារជានិច្ចជាកាល ហើយយកពេលរបស់គាត់ ដើម្បី​ទទួលរាក់ទាក់ បង្ហាត់បង្រៀន ដឹកដៃបង្ហាញ លើកទឹកចិត្ត និងសម្របសម្រួល ដោយមិនដែលខានម្ដងណាទេ។» លោក​វេជ្ជបណ្ឌិត ម៉ាតាំង បានបញ្ជាក់ថា «ដោយសារតែគាត់ ប្រជាពលរដ្ឋកម្ពុជាច្រើនរាប់មិនអស់ បានទទួលផលពីកម្មវិធី​របស់ ក្រុមគ្រូពេទ្យពិភពលោក»។

ជាមួយនឹង អង្គការដើម្បីក្ដីសង្ឃឹម (Chaîne de l’Espoir) លោក ប្រនឌី បានធ្វើការវះកាត់ កុមារកម្ពុជាជាច្រើននាក់ ដែល​​មានបញ្ហាបេះដូង។ ជាមួយគ្នានោះ លោកជាមនុស្សទីមួយ ដែលបាននឹកទៅដល់ តំបន់ផ្នែកឦសាននៃប្រទេស ឆ្ងាយៗ និងពិបាកទៅដល់ ដូចជានៅខេត្តមណ្ឌលគីរីជាដើម ដើម្បីដាក់អោយដំណើរការ នូវរាលការិយាល័យសុខភាពទាំងឡាយ សម្រាប់ជាប្រយោជន៍ដល់ ក្រុមជនជាតិភាគតិចនៅទីនោះ។

លោកបានត្រឡប់មកកាន់ប្រទេសបារាំងវិញ នៅឆ្នាំ១៩៩៩ តែមួយរយះពេលខ្លី ហើយនៅប៉ុន្មានខែក្រោយមក រូបលោក​បានក្លាយជា នាយកកម្មវិធី នៃមជ្ឈមណ្ឌលបេះដូងនៅទីក្រុងភ្នំពេញ។ លោកបានក្លាយបន្ទាប់មកទៀត ជាសហនាយក​មជ្ឈមណ្ឌលនេះ ជាមួយនឹងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហេង តៃគ្រី បន្ទាប់ពីត្រូវបានដាក់សម្ភោធអោយប្រើប្រាស់ នៅខែវិច្ឆិការ ឆ្នាំ២០០១ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ របស់ប្រទេស​បារាំង លោក ប៊ែរណា គូស្ន័រ (Bernard Kouchner)។ លោកស្នាក់ក្នុងប្រទេសកម្ពុជា ប្រមាណជាដប់ឆ្នាំទៀត ដោយបាន​ប្រមូលកម្លាំងចុងក្រោយរបស់លោក ធ្វើយុទ្ធនាការការពារជម្ងឺសន្លាក់ដៃជើង នៅតាមខេត្តដាច់ស្រយ៉ាល ដូចជានៅ​ពោធិសាត់ មណ្ឌលគីរី ប៉ៃលិន និងខេត្តផ្សេងទៀត និងយុទ្ធនាការប្រឆាំងនឹងជម្ងឺបេះដូង ដែលកើតទៅលើកុមារ។

លោកបានត្រឡប់មកទឹកដីកំណើតរបស់លោក នៅតំបន់ណ័រម៉ងឌី (Normandie) វិញ មុននឹងលាចាកលោក នៅថ្ងៃទី២៣ ខែធ្នូកន្លង​មក​នេះ។ ពិធីបញ្ចុះសពរបស់លោក បានប្រារព្ធធ្វើនៅទីក្រុងដ្រឺ (Dreux) ទីកន្លែងនៃគាវរកិច្ចចុងក្រោយ ដែល​ញាតិ​សន្ដាន និងមិត្តភ័ក្រជាច្រើននាក់របស់លោក មានទាំងជនជាតិរ៉ូស្សី និងកម្ពុជាផងនោះ ជួបជុំចូលរួមរំលែក​មរណទុក្ខ​ដ៏ក្រៀមក្រំ ជាមួយភរិយា និងកូនប្រុសរបស់លោក៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...