ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នា នៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ប្រតិកម្ម​របស់​ប្រទេស​វៀតណាម បាន​ធ្លាក់​មក​ជាបន្តបន្ទាប់។ លើកនេះ ដល់វេនអាជ្ញាធរ នៃខេត្តឡុងអាន ប្រទេសវៀតណាមម្ដង ដែល​បាន​ផ្ញើរ​លិខិត មក​អាជ្ញាធរ​នៃ​ខេត្ត​ស្វាយរៀង ប្រទេសកម្ពុជា ឲ្យចាត់វិធានការធ្វើយ៉ាងណា ទប់ស្កាត់កុំ​ឲ្យ​មាន​បញ្ហា​បែប​នេះ ​កើត​ឡើង​ទៀត។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 03, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណកម្មាធិការ​ប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បាន​ផ្ញើរ​​លិខិត​មួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការ​បង្ការ​ ឱ្យ​បាន​គ្រប់គ្រាន់ ​​ដើម្បី​​ការពារ​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ​នេះ​ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាម​​ជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។

លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យ​​ចាត់​វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ​ ដែលបានកើតឡើង កាល​ពី​ថ្ងៃ​​ទី២៨ ខែមិថុនា ឆ្នាំ២០១៥ និងធ្វើយ៉ាងណា ការពារទប់ស្កាត់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ កុំឱ្យ​កើត​មាន​ឡើង នូវ​ករណី​ស្រដៀង​គ្នា​នេះជាថ្មីទៀត ដែលអាចធ្វើឲ្យរំខាន ដល់ដំណើរបោះបង្គោលខ័ណ្ឌសីមា រវាង​​ប្រទេស​​ទាំង​ពីរ។ លិខិតនោះ បានសរសេរបន្ថែមថា សកម្មភាពរបស់ ក្រុម«ជ្រុលនិយម»ទាំងនេះ នឹងឈាន​ទៅ​ធ្វើ​ឲ្យ​​ខូច ដល់ទំនាក់ទំនងជាអ្នកជិតខាង ដល់ចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិ​ការ ​រវាង​ខេត្ត​ទាំងពីរ​។

ការផ្ទុះអំពើហិង្សា វាយដុំគ្នា បានផ្ទុះឡើង កាល​ពីថ្ងៃទី២៨ ខេមិថុនា ឆ្នាំ២០១៥ម្សិលម៉ិញ នៅតាម​ព្រំដែន​កម្ពុជា វៀតណាមខេត្តស្វាយរៀង រវាងប្រជាពលរដ្ឋ​វៀតណាម និងក្រុមយុវជនកម្ពុជា ដែលបានចុះ​អង្កេត​ព្រំដែន ដឹក​នាំ​ដោយក្រុមតំណាងរាស្រ្ត មកពីគណបក្ស​សង្គ្រោះជាតិ។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បាន​កើត​ឡើង​​ត្រង់​ចំណុច ភូមិឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង (បង្គោលព្រំដែនលេខ២០៣)។ ក្រុម​ពលរដ្ឋ​កម្ពុជា ប្រមាណជាង១០០នាក់ ត្រូវបានពលរដ្ឋ និង​កម្លាំងសមត្ថកិច្ចវៀតណាមរារាំង ស្ទាក់ផ្លូវ មិន​ឲ្យចូល​ទៅ​ពិនិត្យ​មើលព្រំដែន ដែលមានការសង្ស័យថា វៀតណាមបានរំកិល រំលោភចូលក្នុងដីកម្ពុជា។

លិខិតរបស់អាជ្ញាធរខេត្តឡុងអាន ជាលិខិតផ្លូវការ ផ្ញើរមកអាជ្ញាធរកម្ពុជា លើកទីពីរ បន្ទាប់ពីកំណត់ទូត​លើក​ទីមួយ ត្រូវបានក្រសួងការបរទេសវៀតណាម ផ្ញើរមកកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ថ្កោលទោសចំពោះ​ការបង្កហេតុ ដែលប្រទេសកុម្មុយនីស បានហៅថា បង្កឡើងដោយ«ពួកជ្រុលនិយម»កម្ពុជា។

អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) ត្រូវបានស្រង់សំដី ដោយ​សារព័ត៌មាននានា នៅក្នុងប្រទេសវៀតណាម យកមកផ្សាយថា៖ «យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំង ចំពោះ​សកម្ម​ភាពហិង្សា ដែល​ប្រព្រឹត្ត ​ដោយជនជ្រុលនិយមកម្ពុជា។ (…) ល្មើសច្បាប់ប្រទេសទាំងពីរ, សន្ធិសញ្ញា, អនុ​សញ្ញា និងកិច្ច​ព្រម​ព្រៀង រវាង​ប្រទេសវៀតណាម និងកម្ពុជា។ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះបង្គោល​ព្រំ​ដែន និងទំនាក់​ទំនង​ដ៏ល្អ រវាង​វៀតណាម និងកម្ពុជា។ (…) សូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវ​មាន​វិធានការ​ទប់​ស្កាត់ កុំឲ្យ​សកម្មភាពដដែលនេះ កើតឡើងជាថ្មីទៀត។»

សម្រាប់រដ្ឋាភិបាលកម្ពុជាវិញ បានថ្លែងឡើងថា កំពុងស្វែងរក ដំណោះស្រាយលើបញ្ហានេះ។ អ្នកនាំពាក្យ ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ លោក ផៃ ស៊ីផានក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កន្លងមក បាន​លើកឡើងថា រដ្ឋាភិបាល​នឹងស្វែងរក ដើមហេតុដំបូង ដែលនាំឲ្យកើតនូវអំពើហិង្សានោះ។ យ៉ាងណា លោក​ថា បញ្ហានេះ​អាចបញ្ចប់ទៅបាន ត្រូវឆ្លងកាត់ការជួបគ្នា រវាងរដ្ឋាភិបាលទាំងពីរ ដោយអនុវត្តតាមច្បាប់។

ដោយឡែក រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ប្រកាស មិន​ទទួលខុសត្រូវ ចំពោះ​ផ្លូវច្បាប់​ណាមួយ លើ​ការ​ប៉ះ​ទង្គិច​ខាងលើនេះ​ទេ ដោយយោងមូលហេតុថា ដំណើរ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់តំបន់​នៅ​ព្រំដែន​នោះ មិនបាន​ជូនដំណឹង ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ ក៍​ដូចជា​ជូនដំណឹង ទៅ​ភាគី​វៀតណាម​ជាមុន ដើម្បី​បញ្ចៀស ហេតុការណ៍​ផ្សេងៗ កើតឡើង​ឡើយ។ នេះ បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មានមួយ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ របស់​អ្នកនាំពាក្យ​រដ្ឋបាល ខេត្ត​ស្វាយរៀង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...