«ស្រាត» ព្រោះខឹងនឹងអស់កៅអីលក់លើយន្ដហោះ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 13, 2015
- ប្រធានបទ: កម្រមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសចំណាស់ ជាអ្នកដំណើរម្នាក់ នៅក្នុងព្រលានយន្ដហោះ ឆាឡុតឌូគ្លាស (Charlotte-Douglas) នៅក្នុងរដ្ឋការ៉ូលីនខាងជើង សហរដ្ឋអាមេរិក បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមនុស្សជាច្រើននាក់ ដែលកំពុងត្រៀមខ្លួន ឡើងយន្ដហោះ។ បុរសចំណាស់យើង បានទម្លាក់ចោល ចេញពីខ្លួន នូវខោអាវទាំងអស់ ដើម្បីតវ៉ាប្រឆាំង នឹងការមិននៅសល់កន្លែងទំនេរទៀត នៃជើងហោះហើរមួយ ដែលបុរសត្រូវជិះ។ នេះបើតាមការផ្សាយឲ្យដឹង របស់ទូរទស្សន៍ NBC កាលពីចុងខែមុន។
បុរសជាតិអាមេរិកាំងរូបនេះ ត្រូវធ្វើដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ប្រទេស ចាម៉ែអីក (Jamaïque) ហើយបានមកព្រលានយន្ដហោះ ដោយមិនបានគិតថា ជើងហោះហើររបស់លោក ត្រូវបានអ្នកដំណើរផ្សេងទៀត ទិញយកកន្លែងអស់នោះទេ។ ប៉ុន្តែនៅពេល ដែលលោកបានដឹងថា កន្លែងត្រូវបានអ្នកផ្សេងទិញអស់ហើយ បុរសចំណាស់ បានស្រែកឡូឡាខ្លាំងៗឡើង ដល់បុគ្គលិករបស់ក្រុមហ៊ុន អាកាសចរណ៍ Us Airways មុននឹងប្រើប្រាស់មធ្យោបាយ«តវ៉ា»ម្យ៉ាងទៀត ដែលគួរឲ្យចាប់អារម្មណ៍ជាង។
អ្នកស្រី ខេឈី (Ketchie) ភ្នាក់ងារនគរបាលម្នាក់ ដែលនៅក្នុងហេតុការណ៍ ហើយដែលបានយករូបថត ដែលអ្នកស្រីថតបាន យកមកបង្ហោះលើហ្វេសប៊ុកនោះ បានថ្លែងប្រាប់ទូរទស្សន៍ NBC ថា៖ «បុរសចំណាស់ បានឈរនៅពីមុខបញ្ជរសំបុត្រ ដោយក្រពាត់ដៃធ្វើសង្ហា បន្ទាប់មកបានស្រែកដាក់ស្ត្រីម្នាក់ ដែលឈរក្នុងបញ្ជរ។ មួយសន្ទុះក្រោយមកទៀត បុរសបានចាប់ផ្ដើម ស្រាតខោអាវចេញ ហើយបង្ហាញខ្លួន យ៉ាងននលគោល នៅនឹងមុខគេឯង។»
អ្នកស្រីនគរបាល បាននិយាយទៀតថា៖ «ខ្ញុំមិនដែលឃើញរឿងបែបនេះទេ ក្នុងមួយជីវិតនេះ។ អញ្ចឹង ខ្ញុំក៏ដកទូរស័ព្ទចេញមក រួចថតរូបពីបុរសនេះ។»
ចំណែកឯក្រុមហ៊ុនអាកាសចរណ៍វិញ មិនបានធ្វើអត្ថាធិប្បាយ ពីករណីនេះ ជាលក្ខណៈផ្លូវការទេ ហើយក៏មិនបានធ្វើការប្ដឹងផ្ដល់អ្វីដែរ។ ប៉ុន្តែឈុតឆាក អាក្រាតកាយរបស់បុរសរូបនេះ បានកើតឡើងប្រមាណជា៤០នាទី មុននឹងកិច្ចអន្តរាគមន៍ ពីសំណាក់នគរបាល។ ប៉ុន្តែបុរសចំណាស់ មិនត្រូវបានកម្លាំងសមត្ថកិច្ចអាមេរិក ធ្វើការឃាត់ខ្លួនទេ តែគេបានបញ្ជូនបុរស ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីធ្វើការព្យាបាលរោគចិត្ត ដែលបុរសកំពុងមាន។ តាមប្រភពពីមន្ទីរពេទ្យ ដែលស្រង់សម្ដីដោយទូរទស្សនដដែល បានឲ្យដឹងថា បុរសចំណាស់មិនបានលេបថ្នាំ រំងាប់អារម្មណ៍ នៅមុននេះ ដែលធ្វើឲ្យគេយល់ភ្លាម ពីមូលហេតុអ្វី បានជាខោស្លីបរបស់គាត់ ងាយនឹងរបូតធ្លាក់ចុះក្រោម យ៉ាងដូច្នេះ៕