គ្រោះថ្នាក់ចរាចរណ៍៖ ទាល់តែបុកអង្គរក្សនាយករដ្ឋមន្ត្រី ទើបចាត់ការ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ មេសា ២០១៥
- កែប្រែចុងក្រោយ: April 06, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសកម្ពុជា កម្រថ្ងៃណាមួយ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ណាស់។ តែប្រសិនជាមាន គ្រោះថ្នាក់ចរាចរណ៍ សាហាវៗ ដូចយ៉ាង «កិនបែកខួរ» ឬ«បុកដាច់ក្បាល»... វាគ្រាន់តែជាព្រឹត្តិការណ៍ ដ៏«ពិសេសៗ» សម្រាប់ក្រុម អ្នកសារព័ត៌មានមួយចំនួន ឬក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គម យកមកធ្វើជាអត្ថបទប្រចាំថ្ងៃ របស់ពួកគេ ដើម្បីស្វែងរកអតិថិជន ទាំងមិនដឹងថា តើរូបភាព ឬទិដ្ឋភាពនោះ គួរត្រូវចុះផ្សាយបិតបាំង បែបណា នោះឡើយ។ ប៉ុន្តែចំពោះចំណាត់ការ ពីសំណាក់អាជ្ញាធរទទួលខុសត្រូវ ផ្នែកចរាចរណ៍ផ្លូវគោកវិញ មិនត្រូវបានគេឃើញថា បានបង្កើនវិធានការ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានយ៉ាងដូចម្ដេចទេ។
រហូតមកដល់ ថ្ងៃទី០១ ខែមេសា វេលាម៉ោង២ រំលងអាធ្រាតកន្លងទៅ បន្ទាប់ពីព្រឹត្តិការណ៍បើកបំបុក របស់និស្សិតស្រីម្នាក់ អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ ដែលបានបើកបរទាំងស្រវឹង ទៅបុកបំបាក់ដើមឈើ និងឲ្យរបួសធ្ងន់អង្គរក្សពីរនាក់ នៅនឹងមុខគេហដ្ឋាន ជិតវិមានឯករាជ្យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ស្រាប់តែគេឃើញចំណាត់ការ ពីសំណាក់អាជ្ញាធរ ទៅលើគ្រោះថ្នាក់ចរាចរណ៍ ហាក់មានប្រសិទ្ធិភាពជាងមុន។ យុវតីបើកបរ ត្រូវបានឃាត់ និងឃុំខ្លួន ហើយបញ្ជូនទៅតុលាការ និងត្រូវបានចោទប្រកាន់ នៅមួយថ្ងៃក្រោយមក ពីបទបើកបរបង្កគ្រោះថ្នាក់ និងធ្វើឲ្យខូចខាតដោយអចេតនា ប់ុន្តែត្រូវបានដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ នៅថ្ងៃទី៣ ខែមេសា។
អ្នកឃ្លាំមើលបញ្ហាសង្គម បានធ្វើការវាយតម្លៃថា ចំណាត់ការលើកនេះមានប្រសិទ្ធភាព ព្រោះជនរងគ្រោះ ជាអង្គរក្សរបស់នាយករដ្ឋមន្ត្រី ដែលអ្នកផងមើលឃើញថា ជាស្បែកមួយយ៉ាងក្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ណៃ វ៉ង់ដា សកម្មជនមួយរូប ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឡើងថា មន្រ្តីតុលាការ និងមន្រ្តីប៉ូលីសចរាចរណ៍ ច្រើនអនុវត្តទៅតាមឋានៈ បុណ្យស័ក្ត ឬមុខមាត់នៃអ្នកបង្កហេតុ ឬអ្នករងគ្រោះប៉ុណ្ណោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានលើកជាឧទាហរណ៍ថា បើ«ជនរងគ្រោះ» មានបងប្អូន ឬសាច់ញាតិជាអ្នកធំ អ្នកមានមុខមាត់ ឬបុណ្យស័ក្ត ច្បាស់ជាចាប់ជនល្មើសមកផ្តន្ទាទោសបាន។ ផ្ទុយមកវិញ តែបើ«ជនល្មើស» មានបងប្អូន ឬសាច់ញាតិជាអ្នកធំ អ្នកមានមុខមាត់ ឬបុណ្យស័ក្ត ក៏ច្បាស់ជារួចខ្លួន ទៅតាមនោះដែរ។ ឯជនក្រីក្រ ឬអ្នកតូចតាចធម្មតា ច្បាស់ជាចាំតែទទួលកំហុស ទាំង«អយុត្តិធម៌»មិនខាន។
លោក ណៃ វង់ដា ដែលជាអនុប្រធានផ្នែក និងមេធាវីតំបន់ នៃសមាគមអាដហុកផងនោះ បានសម្ដែងការខកចិត្ត ចំពោះរបាយការណ៍ និងចំណាត់ការរបស់តុលាការ ក្នុងការកំណត់ទោស ក៏ព្រោះតែយុវតីនោះ បើកបរ ហើយបង្កគ្រោះថ្នាក់ ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនតែប៉ុណ្ណោះ។ ផ្ទុយមកវិញ បើករណីដដែលនេះ កើតឡើងនៅមុខផ្ទះប្រជាពលរដ្ឋធម្មតាវិញនោះ ប្រហែលជាការសម្រេច និងផ្តន្ទាទោសចំពោះយុវតីខាងលើ អាចស្រាលជាងនេះ ឬក៏រួចខ្លួនតែម្តង គ្រាន់តែសងជំងឺចិត្ត និងសងការខូចខាតជាការស្រេច។ លោក វង់ដា បានថ្លែងឡើងថា៖ «ព្រោះតែករណីបង្កឡើង នៅមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់មិនចង់ (អាជ្ញាធរប៉ូលីស) មិនអាចលើកលែងចោលបានទេ។ ត្រូវតែចោទប្រកាន់ ត្រូវតែបញ្ជូនទៅតុលាការ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធ្លាប់បានធ្វើសេចក្ដីរាយការណ៍ជាច្រើន ពីករណីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានទាំងគ្រោះថ្នាក់ ក្នុងកម្រិតស្រាល និងកម្រិតធ្ងន់។ ប៉ុន្តែដំណោះស្រាយ របស់មន្ត្រីអាជ្ញាធរមួយចំនួន មិនមានភាពច្បាស់លាស់ទេ ដោយពេលខ្លះ ជនល្មើសបើកបរខុសច្បាប់ទម្លាប់ និងបានបង្ករបួសស្នាម ដល់ជនរងគ្រោះ តែមន្ត្រីអាជ្ញាធរទាំងនោះ មិនបានធ្វើដឹង ឬដឹងដែរ តែមិនហ៊ានអាកាត់ ព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន។ ពេលខ្លះជនបង្ក បានបើកបរធ្វើឲ្យស្លាប់មនុស្ស តែបានរត់គេចខ្លួនបាត់ បន្ទាប់ពីហេតុការណ៍ ប៉ុន្តែនៅតែជាអាថ៌កំបាំង រកជនបង្កនោះមិនឃើញ រហូតមកដល់សព្វថ្ងៃ។ ជាពិសេសនោះ គេក៏កាន់តែកម្រឃើញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនឡើងទៅតុលាការ ដើម្បីស្វែងរកខុសត្រូវ ឬការផ្ដន្ទាទោសណាស់។
យ៉ាងណាក៏ដោយ ក៏លោក ណៃ វ៉ង់ដា បានចាត់ទុកករណីគ្រោះថ្នាក់ របស់យុវតីវ័យ២៦ឆ្នាំ អ៊ុង កុលហ្សានិច ថាជា«យុត្តិសាស្រ្ត»មួយ សម្រាប់ជាគំរូ យកទៅអនុវត្តគ្រប់បទល្មើសទាំងអស់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយជនមិនគោរពច្បាប់។ លោកក៏បានផ្តោតសំខាន់ លើអ្នកបើកបរទាំងឡាយណា ដែលស្ថិតក្នុងស្ថានភាព មានគ្រឿងស្រវឹងលើសពីច្បាប់ បានកំណត់ ដែលជាកំហុសមួយធ្ងន់ ត្រូវតែផ្តន្ទាទោសទៅតាមច្បាប់កំណត់។ លោកថា ទោះបីបទល្មើសនោះ (គ្រោះថ្នាក់ចរាចរ) មានអ្នកស្លាប់ ឬគ្មានក៏ដោយ ទាំងតុលាការ ឬមន្រ្តីចរាចរណ៍ ត្រូវធ្វើការថ្លឹងថ្លែង និងកំណត់បទល្មើស ព្រមទាំងទោសទណ្ឌ ទៅតាមស្ថានភាពជាក់ស្តែង ដែលបានបង្កឡើង និងមានភាពស្មើគ្នាចំពោះមុខច្បាប់ និងគ្រប់បុគ្គលទាំងអស់៕