ឧត្តមមន្ត្រីអាស៊ាន ប្រជុំដើម្បីត្រៀម «កិច្ចប្រជុំកំពូលអាស៊ានលើកទី២១»
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានចំនួនពីរ បានរៀបចំធ្វើ កាលពីព្រឹកថ្ងៃសុក្រទី ១៦ វិច្ឆិកា នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហ្វូកខេត្រា (Hotel Sofitel Phnom Penh Phokeethra) សម្រាប់ទិសដៅត្រៀមសំរាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះនៅវិមានសន្តិភាព ។
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន កាលពីព្រឹកថ្ងៃសុក្រទី ១៦ វិច្ឆិកា នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហ្វូកខេត្រា។
រូបថត MONOROOM.info/ Phnom Thom។
នៅក្នុងការប្រជុំអាស៊ានទាំងពីរ ដែលមាន ការប្រជុំត្រៀបឧត្តមមន្ត្រីការបរទេសអាស៊ាន និងការប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ ឃើញមានវត្តមានចូលរួម ពីមន្ត្រីជាន់ខ្ពស់តំណាងឲ្យប្រទេសទាំងដប់ របស់សមាជិកអាស៊ាន និងអ្នកសារពត៌មានជាតិ និងអន្តរជាតិជាច្រើន។
ដោយឡែក ពាក់ពន្ធ័នឹងការប្រជុំត្រៀបឧត្តមមន្ត្រីការបរទេសអាស៊ាន លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការការបរទេសកម្ពុជា ជាប្រធាននៃអង្គប្រជុំ បានមានប្រសាសន៍នៅក្រោយកិច្ចប្រជុំនេះថា «ប្រជុំត្រៀមឧត្តមមន្រ្តីអាស៊ានថ្ងៃនេះ ផ្តោតសំខាន់បំផុត ទៅលើការត្រៀមរៀបចំ កិច្ចប្រជុំកំពូលនៅពីបីថ្ងៃខាងមុខ» ។ លោកស្រីបន្តថា ត្រៀមត្រួតពិនិត្យ និងរៀបចំឯកសារទាំងអស់ ឲ្យបានចប់សព្វគ្រប់ ចំពោះប្រទេសជាសមាជិកអាស៊ានមួយចំនួន ។ លោកស្រីបន្តថា «ឯកសារសំខាន់ៗ ដែលគ្រោងនឹងត្រូវអនុមត័ និងចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលរបស់អាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាល របស់អាស៊ានជាមួយដៃគូសន្ទនាអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកមួយ អាស៊ានបូកបី អាស៊ាននិងសហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា»។
លោកស្រី រដ្ឋលេខាធិការ បានពន្យល់រៀបរាប់ថា ឯកសារទាំងអស់នោះសំខាន់ណាស់ ត្រូវធ្វើការពិនិត្យលើឯកសារណាមួយ ដែលមិនទាន់ឯកភាពទាំងអស់គ្នានៅឡើយ និងឯកសារខ្លះត្រូវតែជំរុះចោលទាំងអស់។ ទាំងនេះវាជារឿងធម្មតាទេរបស់អាស៊ាន ព្រោះថាឯកសារនៅពេលដែលធ្វើហើយ ប្រទេសមួយចំនួន អនុវត្តទៅតាមនីតិវិធី របស់ប្រទេសផងខ្លួន។ ប្រទេសខ្លះ ត្រូវឆ្លងទៅខុទ្ទកាល័យ។ ប្រទេសខ្លះទាមទា អោយឆ្លងដល់សភាសិន ដើម្បីមានសិទ្ធិចុះហត្ថលេខាអនុម័ត។
លោកស្រី បានលើកជាឧទាហរណ៍បញ្ជាក់ថា ឯកសារដែលកំពុងតែជជែកនោះមានដូចជា «ផែនការ គេហៅថា បាលីទី៣ Bali Concord III (Draft Bali Concord III Plan of Action) ដែលម្សិលមិញ ខាង តំណាងអចិន្ត្រៃយ៍របស់អាស៊ាននៅទីក្រុងហ្សាការតា ក៏បានប្រជុំដែរ ហើយបានខិតខំធ្វើការជិតរួចហើយ។ ចង់និយាយថា នៅសល់តែប៉ុន្មានចំណុចទេ ដោយសារថា ប្រទេសមួយចំនួន ត្រូវការឆ្លងតាមនិតិវិធីផ្ទៃក្នុងរបស់គាត់ ដើម្បីគាត់ អាចឯកភាពជាមួយបាន ។ និងឯកសារជាសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក.... និងឯកសារមួយទៀត ដែលខិតខំធ្វើទាំងអស់គ្នាដែរ គឺសេចក្តីប្រកាសរួមរបស់អាស៊ានចិន ស្តីពីខួបដប់ឆ្នាំនៃ DOC ដែលកំពុងពិភាក្សាគ្នាដើម្បីបញ្ចប់។»
លោកស្រីបានបន្ថែមថា ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ថ្នាក់ដឹកនាំកំពូលអាស៊ាន ទាំងអស់នឹងធ្វើការពិនិត្យ ធ្វើការពិភាក្សាទៅលើការកសាងសហគមន៍អាស៊ាន ទៅលើការអនុវត្តធម្មនុញ្ញអាស៊ាន និងគ្រោងធ្វើការអនុម័តលើធម្មនុញ្ញអាស៊ាន ហើយគ្រោងនឹងចុះហត្ថលេខា ទៅលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ានផងដែរ ។
ចំណែកឯការប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានវិញ ដែលតំណាងដោយលោក ពេជ្រ ឬទ្ធី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្មកម្ពុជា ជាប្រធាននោះ មិនបានផ្តល់កិច្ចសម្ភាសន៍ ឬឯកសារពាក់ពន្ធ័ណាមួយ ដល់អ្នកការសែតជាតិ និងអន្តរជាតិនោះទេ ។
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ